អ្នកដែលស្គាល់ Bitcoin ច្បាស់ជាធ្លាប់បានឮពាក្យថា Blockchain (អានថា ប្លុកឆេន) ជាញឹកញាប់ ពីព្រោះដោយសារតែ Bitcoin និង Blockchain គឺមានទំនាក់ទំនងគ្នា។ អត្ថបទនេះខ្ញុំនឹងពន្យល់ពីអ្វីទៅដែលហៅថា Blockchain។
Blockchain គឺជាប្រព័ន្ធទិន្នន័យ (Database) មួយប្រភេទដែលមានតួនាទីបែបវិមជ្ឈការ (Decentralized)។ ប្រព័ន្ធ Blockchain អាចអាចរក្សាទិន្នន័យបានសុវត្ថិភាពបានខ្ពស់ ព្រោះទិន្នន័យដដែលដូចគ្នាត្រូវបានគេរក្សាទុកនៅច្រើនកន្លែង។
ជាធម្មតាប្រព័ន្ធទិន្នន័យ (Database) ដែលគេនិយមប្រើកន្លងមក ត្រូវមានម៉ាស៊ីន Server កណ្តាលមួយដើម្បីផ្ទុកទិន្នន័យទាំងឡាយតាមប្រព័ន្ធបែបមជ្ឈការ (Centralized) ។ ប្រព័ន្ធ Blockchain គឺ ត្រូវមានម៉ាស៊ីនដូចនេះដូចគ្នានៅច្រើនកន្លែងហើយមានទំនាក់ទំនងជាមួយគ្នា។
ឧទាហរណ៍ ធុរកម្មលើវិស័យហិរញ្ញវត្ថុ នៅពេលដែលមានការផ្ញើ ឬដកលុយយើងត្រូវការធនាគារដើម្បីដើរតួនាទីជាអ្នកកណ្តាលដើម្បីទទួលខុសត្រូវ កត់ត្រា និងទុកលុយទាំងនោះ។ បើនិយាយទៅលើការទិញលក់ដី ឬទ្រព្យសម្បត្តិអ្វីមួយ ក៏ត្រូវមានសាក្សី ឬអាជ្ញាធរដែលត្រូវដើរតួជាអ្នកដឹងឮលើរឿងទាំងអស់នោះ ដើម្បីធានា និងផ្តល់ភាពជឿជាក់រវាងគ្នានឹងគ្នា។
បច្ចេកវិទ្យា Blockchain បានដោះស្រាយបញ្ហាទាំងនោះ ដោយ Blockchain បានដើរតួជំនួសតួអង្គកណ្តាល ហើយអាចផ្តល់ភាពជឿជាក់ដល់ដៃគូរទុរកិច្ច (trustless)។ នេះមានន័យថា Blockchain នឹងជំនួសការងារធនាគារមួយផ្នែកធំ។
Blockchain មិនមែនជា Bitcoin ទេ
មនុស្សជាច្រើនយល់ច្រលំ Blockchain ជាមួយនឹង Bitcoin តែតាមពិតវាគឺខុសគ្នា។ ដោយ Bitcoin គឺជាលុយឌីជីថល (Cryptocurrency) ដែលត្រូវបានបង្កើតឡើងដោយសារបច្ចេកវិទ្យា Blockchain។
វាដូចជារូបខាងលើយើងអាចប្រៀបធៀបបានរវាងព្រីភ្លើង និងអំពូលភ្លើង ដោយព្រីភ្លើងប្រៀបបាននឹង Blockchain ហើយអំពូលភ្លើងប្រៀបបាននឹង Bitcoin។ យើងឃើញថាគឺខុសគ្នាដាច់ តែ Bitcoin ត្រូវការ Blockchain ហាក់ដូចជាអំពូលភ្លើងគឺត្រូវការព្រីភ្លើងដើម្បីធ្វើឲ្យវាភ្លឺ ហើយយើងក៏អាចបង្កើតអ្វីបានទៀតដែលមិនមែនជា Bitcoin ដោយប្រើបច្ចេកវិទ្យា Blockchain បានដែរ។
ដោយ Blockchain = Block + Chain ដូច្នេះក្នុងការកត់ត្រាទិន្នន័យនៅលើ Blockchain គឺមានលក្ខណៈជាប្លុកហើយត្រូវបានតគ្នាជាសង្វាក់ ហើយគ្រប់ប្លុកមានឈុតទិន្នន័យដែលទាក់ទងគ្នារវាងប្លុកនីមួយៗ។
រាល់ទិន្នន័យដែលកត់ត្រានៅក្នុងប្លុកនីមួយៗត្រូវបានការពារសុវត្ថិភាពដោយបច្ចេកវិទ្យា Cryptography ដោយទិន្នន័យទាំងអស់ត្រូវបានបំលែងទៅជាកូដដែលមនុស្ស មិនអាចអានបានថាវាជាទិន្នន័យប្រភេទអ្វី។
គុណសម្បត្តិរបស់ Blockchain ដែលខុសពីប្រព័ន្ធបែបមជ្ឈការមានដូចខាងក្រោម៖
- រាល់ព័ត៌មានទាំងអស់ជាព័ត៌មានសាធារណៈ ដោយ Server ឬ Node ផ្សេងៗ មានតួនាទីផ្ទុក និងមើលថែព័ត៌មានដែលយើងហៅថា Block ហើយគ្រប់ Node ទាំងអស់អាចមើលដឹងថាព័ត៌មានទាំងអស់ត្រូវបានកត់ត្រានៅក្នុង Block ណាមួយ។
- មិនមាន Server កណ្តាលក្នុងការត្រួតពិនិត្យទិន្ន័យ គឺគ្រប់ Node ទាំងអស់មានតួនាទីដូចគ្នាក្នុងការត្រួតពិនិត្យ។
- គ្រប់ព័ត៌មានទាំងអស់នៅក្នុង Block មិនអាចលុប ឬកែប្រែបាននោះទេ ។
- មានសុវត្ថិភាពខ្ពស់ព្រោះដោយសារគ្រប់ Node ទាំងអស់មានតួនាទីពិនិត្យរាល់សកម្មភាពនៅក្នុងប្រព័ន្ធ។
- ធ្វើការដោយស្វ័យប្រវត្តិ ដោយ Software ត្រូវបានសរសេរឡើងដើម្បីការពារមិនឲ្យមានការកត់ត្រាព័ត៌មានជាន់គ្នា ព្រមទាំងរាល់ការបញ្ជួនព័ត៌មានរវាង Node នីមួយៗត្រូវបានធ្វើការដោយស្វ័យប្រវត្តិ។
Blockchain មិនមែនប្រើប្រាស់តែទៅលើវិស័យហិរញ្ញវត្ថុប៉ុណ្ណោះទេ វាត្រូវបានប្រើប្រាស់លើផ្នែកផ្សេងៗទៀតជាច្រើនដូចជា៖
- ការកត់ត្រាទិន្នន័យការបោះឆ្នោត
- ការជួល Cloud Storage រវាងគ្នានឹងគ្នា
- ប្រព័ន្ធ Peer-to-Peer Lending
- ។ល។
ទោះបីជាយ៉ាងណាបច្ចេកវិទ្យា Blockchain កំពុងផ្លាស់ប្តូរពិភពលោក ហើយប្រទេសជាច្រើនកំពុងសិក្សា និងយកបច្ចេកវិទ្យានេះទៅប្រើប្រាស់ក្នុងវិស័យផ្សេងៗរៀងៗខ្លួន។