ក្រុមហ៊ុន Twitter មានអ្នកប្រើប្រចាំខែជាង ៣៣០ លាននាក់ និងអាចឈានទៅរកប្រាក់ចំណេញលើកដំបូងរបស់ខ្លួនប្រចាំត្រី មាសទី៤នេះ។
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Twitter បានបង្ហាញទិន្នន័យពីការកាត់បន្ថយការខាតបង់របស់ខ្លួន។ តាមបណ្តាញសង្គមមួយចំនួនបានលើកឡើងថាក្រុមហ៊ុនមួយនេះ អាចឈានទៅរកប្រាក់ចំណេញលើកដំបូងរបស់ខ្លួនប្រចាំត្រី មាសទី៤ ប្រសិនបើក្រុមហ៊ុននៅតែមាននិន្នាការបន្តដូចនេះទៅមុខទៀត។
ក្រុមហ៊ុន Twitter បានបង្ហាញនូវការខាតបង់ដល់ទៅ២១លានដុល្លារនៅក្នុងត្រីមាសទី៣នេះ ដែលថយចុះពី១០៣ លានដុល្លារកាលពីឆ្នាំកន្លងទៅ។ ប្រាក់ចំណូលដែលរកបានមាន ៥៩០លានដុល្លារ ថយចុះ៤ភាគរយបើធៀបទៅនឹងឆ្នាំមុន ប៉ុន្តែវាមិនអាក្រក់ដូចអ្នកវិភាគមួយចំនួនបាន លើកឡើងនោះទេ។
ក្រុមហ៊ុន Twitter បានបញ្ជាក់ថាគិតមកដល់ថ្ងៃទី៣០ខែកញ្ញានៃត្រីមាសទី៣នេះ មានអ្នកប្រើប្រាស់ប្រចាំខែ ចំនួន ៣៣០លាននាក់ ដោយសារមានអ្នកចូលរួមជួយផ្សព្វផ្សាយ Tweet តាមរយះអុីមែល និងការជូនដំណឹងផ្សេងៗ។ ក្រុមហ៊ុនបានបន្តអោយដឹងទៀតថាចំនួនអ្នកចូលប្រើប្រាស់នៅសហរដ្ឋអាមេរិក មានការកើនឡើងពី ៦៨ លាននាក់ដល់ ៦៩ លាន នាក់ ដោយសារសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅទ្រឹង នៅដើមឆ្នាំនេះ។
បើតាមប្រសាសន៍របស់លោក Jack Dorsey ជានាយកប្រតិបត្តិរបស់Twitter បានលើកឡើងថា យើងមានមោទនភាព ដែលការកែលំអលើផលិតផលអាចជំរុញអោយមនុស្សជាច្រើនងាក់មកប្រើប្រាស់ Twitter វិញជារៀងរាល់ថ្ងៃ។