របៀបតម្លើង MongoDB នៅលើប្រព័ន្ធប្រតិបត្តិការ Windows
កាលពីអត្ថបទមុន អ្នកបានស្គាល់រួចទៅហើយអំពីលក្ខណៈទូទៅនៃ MongoDB។ អត្ថបទនេះនឹងបង្ហាញអ្នកពីរបៀបតម្លើង MongoDB នៅលើប្រព័ន្ធប្រតិបត្តិការ Windows។
អ្នកអាចចូលទៅទាញយក MongoDB ដើម្បីសាកល្បងប្រើប្រាស់បានដោយសេរី(ចំពោះប្រភេទ Community Server) តាមរយៈតំណរនេះ។ ជំហានដំបូងសូមជ្រើសរើសប្រភេទប្រព័ន្ធប្រតិបត្តិការរបស់អ្នក(TechFree ជ្រើសរើស Windows OS សម្រាប់ការបង្ហាញក្នុងអត្ថបទនេះ)។ បន្ទាប់មកជ្រើសរើសជំនាន់របស់ MongoDB ដែលសាកសមនឹងប្រព័ន្ធប្រតិបត្តិការរបស់អ្នក(ត្រង់ចំណុចនេះអ្នកមិនចាំបាច់ធ្វើការជ្រើសរើសទេ ប្រសិនបើអ្នកមិនច្បាស់ពីភាពខុសគ្នារវាងជំនាន់និមួយៗ)។ រួចចុចប៊ូតុង DOWNLOAD (msi) ជាការស្រេច។
ជំហានបន្ទាប់សូមដំណើរការកម្មវិធីដែលទើបនឹងបានទាញយក។ អ្នកនឹងឃើញផ្ទាំងដូចខាងក្រោម៖
សូមចុច Next។
អ្នកត្រូវធីកត្រង់ចំណុច I accept the terms in the License Agreement។ រួចចុច Next។
Complete មានន័យថាអ្នកនឹងតម្លើងគ្រប់មុខងារទាំងអស់នៃ MongoDB។ Custom អនុញ្ញាត្តិឲ្យអ្នកជ្រើសរើសតែមុខងារណាដែលអ្នកត្រូវការប៉ុណ្ណោះ។ ចំពោះការសិក្សា និងការប្រើប្រាស់ជាលើកដំបូងអ្នកគួរតែជ្រើសរើស Complete ដើម្បីជៀសវាងការមានបញ្ហានៅពេលប្រើប្រាស់ដោយសារការបាត់បង់មុខងារណាមួយ។
សូមចុច Install។ បន្ទាប់មក MongoDB នឹងចាប់ផ្តើមតម្លើងនៅលើម៉ាសុីនកុំព្យូទ័ររបស់អ្នក។
បន្ទាប់ពី MongoDB ត្រូវបានតម្លើងដោយជោគជ័យហើយ អ្នកអាចដំណើរវាបានដោយចូលទៅកាន់ទីតាំងខាងក្រោមដោយប្រើ Command Prompt៖
C:\Program Files\MongoDB\Server\3.4\bin
អ្នកនឹងឃើញឯកសារដែលមានឈ្មោះថា mongod.exe និង mongo.exe ព្រមទាំងឯកសារជាច្រើនទៀត។ mongod.exe ជាឯកសារសម្រាប់ដំណើរការ MongoDB Server រីឯ mongo.exe គឺជា Command Line Interface។
ដើម្បីដំណើរការ MongoDB Server សូមប្រើប្រាស់ Command Prompt ដើម្បីចូលទៅកាន់ទីតាំងខាងលើដើម្បីបើកឯកសារ mongod.exe។
C:\Program Files\MongoDB\Server\3.4\bin\mongod
នៅពេលអ្នកដំណើរការវាជាលើកដំបូង វាអ្នកបង្ហាញនូវបញ្ហាមួយដែលមានន័យថា អ្នកមិនមាន Folder សម្រាប់ផ្ទុកទិន្នន័យទេ។ ដូច្នេះហើយសូមបង្កើត Folder នៅទីតាំងនេះ C:\data\db។ បន្ទាប់មកសូមដំណើរការ mongod ដូចខាងលើម្តងទៀត អ្នកនឹងទទួលបានលទ្ធផលដូចខាងក្រោម៖
អ្នកអាចបើក Command Line Interface របស់ MongoDB បានដោយដំណើរការឯកសារ mongo.exe តាម Command Prompt ដូចខាងក្រោម៖
C:\Program Files\MongoDB\Server\3.4\bin\mongo