គ្រប់គ្រងគម្រោងតាមម៉ូដែល Kanban

កាលពីអត្ថបទមុនៗ អ្នកបានស្គាល់រួចមកហើយនូវម៉ូដែលនៃការគ្រប់គម្រោងអភិវឌ្ឍន៍កម្មវិធីដូចជា Agile និង Waterfall ជាដើម។ តាមរយៈអត្ថបទនេះ TechFree នឹងលើកយកម៉ូដែលមួយទៀតដែលមានឈ្មោះថា Kanban មកធ្វើការបកស្រាយ។

Kanban គឺជាម៉ូដែលមួយដែលបានបង្កើតឡើងដោយវិស្វកររបស់ក្រុមហ៊ុន Toyota លោក Taiichi Ohno និងត្រូវបានគេប្រើប្រាស់នៅឆ្នាំ 1953។ គោលគំនិតនៃម៉ូដែលនេះគឺ រាល់កិច្ចការទាំងអស់ត្រូវឆ្លងកាត់ច្រើនដំណាក់កាល។ ពោលគឺគម្រោងទាំងមូលត្រូវបានបែងចែកជាដំណាក់កាលៗ ដែលដំណាក់កាលនិមួយៗ បញ្ជាក់ពីផលសម្រេច(Progress) ជាក់ស្តែងនៃកិច្ចការនិមួយៗ។

នៅក្នុង Kanban ដំណាក់កាលនិមួយៗ មិនមានច្បាប់កំណត់ជាក់លាក់ ព្រមទាំងអាស្រ័យទៅលើប្រភេទ និងទំហំគម្រោង។ អ្នកគ្រប់គ្រងគម្រោងអាចបង្កើតដំណាក់កាលណាមួយដែលសាកសម និងចាំបាច់សម្រាប់គម្រោង។ ជាទូទៅ Kanban មានដំណាក់កាលបីដែលគេច្រើនប្រើប្រាស់គឺ ការងារថ្មី ការងារកំពុងធ្វើ និងការងាររួចរាល់។

ចំណែកឯការប្រើប្រាស់វិញគឺមានសភាពងាយស្រួល ព្រោះអ្នកអាចប្រើវាជាលក្ខណៈទំនើបតាមរយៈកម្មវិធីកុំព្យូទ័រ ឬជាលក្ខណៈបុរាណដោយគ្រាន់តែប្រើក្តាខៀន និងក្រដាស់ប៉ុណ្ណោះ។

Kanban ជួយឲ្យសមាជិកក្នុងក្រុមទាំងអស់អាចយល់ពីគម្រោងទាំងមូល ក៏ដូចជាការងារដែលគេត្រូវធ្វើបានយ៉ាងច្បាស់ដោយគ្រាន់តែក្រឡេកមើលក្តារខៀនប៉ុណ្ណោះ។ វាសាកសមបំផុតចំពោះក្រុមដែលមានសមាជិកដែលមានទំនួលខុសត្រូវខ្ពស់ និងមិនត្រូវការការគ្រប់គ្រង និងការត្រួតពិនិត្យតឹងរឹង។ យ៉ាងណាមិញ Kanban អាចផ្តល់លទ្ធផលល្អ ក្នុងករណីសមាជិកនិមួយៗមានសមត្ថភាពប្រហាក់ប្រហែលគ្នា។ ហើយម៉ូដែលមួយនេះអាចនឹងមិនសាកសមទេសម្រាប់គម្រោងដែលផ្តោតសំខាន់លើពេលវេលា ដោយហេតុថា Kanban មិនសូវយកចិត្តទុកដាក់ចំពោះការកំណត់កាលបរិច្ឆេទផុតកំណត់សម្រាប់កិច្ចការនិមួយៗទេ។

ចែករំលែក​អត្ថបទនេះទៅកាន់៖

Exit mobile version