Gantt Chart គឺជាក្រាបមួយប្រភេទដែលគេនិយមប្រើនៅក្នុងការគ្រប់គ្រងគម្រោងនានា។ មិនដូចក្រាបដទៃដែលតែងតែបង្ហាញពីទិន្នន័យជាតួរលេខ Gantt Chart បង្ហាញអ្នកប្រើប្រាស់ពីសកម្មភាពការងារ និងពេលវេលា។ អត្ថបទនេះនឹងបង្ហាញពីលក្ខណៈពិសេសរបស់ Gantt Chart និងការប្រើប្រាស់វា។
Gantt Chart មានផ្នែកខាងឆ្វេងជាបញ្ជីរកិច្ចការ។ ផ្នែកខាងស្តាំមានតារាងដែលបញ្ជាក់ពីពេលវេលា។ សកម្មភាពនិមួយៗត្រូវបានតាងដោយរបារមួយ ដែលទីតាំង និងប្រវែងរបារនោះបញ្ជាក់ពីកាលបរិច្ឆេទចាប់ផ្តើម រយៈពេលដែលចំណាយ និងកាលបរិច្ឆេទបញ្ចប់។
ជាមួយនឹង Gantt Chart អ្នកអាចដឹងពីពេលវេលាដែលសកម្មភាពការងារចាប់ផ្តើម និងបញ្ចប់ ព្រមទាំងរយៈពេលដែលគ្រោងទុកសម្រាប់កិច្ចការនិមួយៗ។ មិនតែប៉ុណ្ណោះអ្នកប្រើប្រាស់ក៏អាចដឹងផងដែរ ថាកិច្ចការណាខ្លះដែលនឹងត្រូវធ្វើក្នុងពេលតែមួយ ដែលជាកត្តាសំខាន់ក្នុងការគ្រប់គ្រងគម្រោងធំៗ។
វិធីប្រើប្រាស់
ដើម្បីបង្កើត Gantt Chart អ្នកអាចចូលប្រើប្រាស់កម្មវិធីអនឡាញមួយដែលមានឈ្មោះថា Gantter។ អ្នកអាច Login ជាមួយនឹងគណនី Gmail ដើម្បីរក្សាទុក Gantt Chart របស់អ្នកនៅក្នុង Google Drive។
អ្នកអាចបំពេញឈ្មោះសកម្មភាព រយៈពេលកំណត់ និងកាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់របស់វា។ បន្ទាប់មករបារតំណាងឲ្យសកម្មភាពនោះនឹងលេចឡើងនៅផ្នែកខាងស្តាំ។