MySQL គឺជាប្រភេទនៃ RDBMS ដែលល្អបំផុតសំរាប់អភិវឌ្ឍន៍គេហទំព័រផ្តោតទៅលើ Software Development ។ ពាក្យពេញនៃ RDBMS គឺ Relational DataBase Management System ដែលជា Software មួយដែលអាចបង្កើតនូវ Database, table, និង indexes ។ យ៉ាងណាមិញ ក្នុងអត្ថបទនេះ នឹងបង្ហាញពីប្រភេទនៃទិន្នន័យដែលរក្សាទុកក្នុង MySQL ក្នុងនោះ ចែកជា ៣ ប្រភេទ គឺ numeric, date & time និង string ។ ជាដំបូង TechFree សូមលើកយកប្រភេទទិន្នន័យ ជា numeric មកបង្ហាញលំអិត ក្នុងអត្ថបទនេះ ។
ប្រភេទទិន្នន័យ Numeric ចែកជា ២ផ្នែក គឺ ប្រភេទទិន្នន័យមានតំលៃជាក់ជាក់ (exact numeric data) និងប្រភេទទិន្នន័យ មានតំលៃប្រហាក់ប្រហែល (approximate numeric data) ។
ប្រភេទទិន្នន័យមានតំលៃជាក់ជាក់ (exact numeric data) រួមមាន៖
- TINYINT : ជាប្រភេទនៃ Integer (ចំនួនគត់) មានចំនួនតិចជាងគេបំផុត ដែលទំហំផ្ទុកតែ ១ Byte ប៉ុណ្ណោះ និង មានតំលៃ ចន្លោះ –១២៨ ទៅ ១២៧ ។ បើកំណត់ជា Unsigned គឺមានតំលៃចន្លោះពី ០ ទៅ ២៥៥ ។
- SMALLINT : ជាប្រភេទនៃ Integer (ចំនួនគត់) ដែលផ្ទុក ២ Byte ដែលមានតំលៃចន្លោះ -៣២៧៦៨ ទៅ ៣២៧៦៧ ។ បើជា Unsigned គឺមានតំលៃចន្លោះពី ០ ទៅ ៦៥៥៣៥ ។
- MEDIUMINT : ជាប្រភេទនៃ Integer (ចំនួនគត់) ដែលផ្ទុក ៣ Byte ដែលមានតំលៃចន្លោះ -៨៣៨៨៦០៨ ទៅ ៨៣៨៨៦០៧ ។ បើជា Unsigned គឺមានតំលៃចន្លោះពី ០ ទៅ ១៦៧៧៧២១៥ ។
- INT : ជាប្រភេទនៃ Integer (ចំនួនគត់) ដែលផ្ទុក ៤ Byte ដែលមានតំលៃចន្លោះ -២១៤៧៤៨៣៦៤៨ ទៅ ២១៤៧៤៨៣៦៤៧ ។ បើកំណត់ជា Unsigned គឺមានតំលៃចន្លោះពី ០ ទៅ ៤២៩៤៩៦៧២៩៥។
- BIGINT : ជាប្រភេទនៃ Integer (ចំនួនគត់) មានចំនួនច្រើនជាងគេបំផុត ដែលផ្ទុក ៨ Byte ដែលមានតំលៃចន្លោះ -៩២២៣៣៧២០៣៦៨៥៤៧៧៥៨០៨ ទៅ ៩២២៣៣៧២០៣៦៨៥៤៧៧៥៨០៧ ។ បើកំណត់ជា Unsigned គឺមានតំលៃចន្លោះពី ០ ទៅ ១៨៤៤៦៧៤៤០៧៣៧០៩៥៥១៦១៥។
បន្ថែមលើសពីនេះ ក៏មានប្រភេទទិន្នន័យមានតំលៃជាក់លាក់ ផ្សេងទៀតដែរ គឺ Decimal និង Numeric ។
- DECIMAL(M, D) : ជាប្រភេទទិន្នន័យចំនួនទសភាគ គោល ១០ ដែលមានក្បៀសពីក្រោយ ។ តំលៃ របស់ Decimal មិនត្រូវបាន Unsigned ឡើយ ពោលគឺ ចំនួនទសភាគវិជ្ជមាន ។ M ជាចំនួនទំហំ digit និង D ជាចំនួន digit ក្រោយក្បៀស ។
- Numeric ជាសទិសន័យ របស់ DECIMAL មានន័យថា ដូចគ្នានឹង DECIMAL ដែរ។
ប្រភេទទិន្នន័យ មានតំលៃប្រហាក់ប្រហែល (approximate numeric data) រួមមាន៖
- FLOAT(M, D) : ប្រភេទទិន្នន័យ ចំនួនទសភាគ ដែលមិនអាច Unsigned បាន មានន៏យថា ជាចំនួនទសភាគវិជ្ជមាន ។ M ជាចំនួនទំហំ digit និង D ជាចំនួន digit ក្រោយក្បៀស ។ បើមិនកំណត់ឲ្យទេ វាយក Default គឺ Float(១០,២) ។
- DOUBLE(M, D) : ប្រភេទទិន្នន័យ ចំនួនទសភាគ ធំទ្វេដង ដែលមិនអាច Unsigned បាន មានន៏យថា ជាចំនួនទសភាគវិជ្ជមាន ។ M ជាចំនួនទំហំ digit និង D ជាចំនួន digit ក្រោយក្បៀស ។ បើមិនកំណត់ឲ្យទេ វាយក Default គឺ Double(១៦,៤) ។
- REAL(m,d) ជាសទិសន័យ របស់ DOUBLE មានន័យថា ដូចគ្នានឹង DOUBLE ដែរ ។