អុីម៉ែលគឺជាមធ្យោបាយទំនាក់ទំនងដ៏ពេញនិយម និងមានលក្ខណៈជាផ្លូវការមួយនៅសតវត្សរ៍ទី២១។ ដោយសារតែបច្ចេកវិទ្យាកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ការប្រើប្រាស់អុីម៉ែលហាក់ដូចជាមានភាពសាមញ្ញ និងងាយស្រួលបំផុត។ ប៉ុន្តែអ្នកប្រើប្រាស់ភាគច្រើនប្រាកដជាមិនបានដឹងច្បាស់អំពីដំណើរការជាក់ស្តែងនៃបច្ចេកវិទ្យាទំនាក់ទំនងមួយនេះទេ។ ដូច្នេះហើយទើបថ្ងៃនេះ TechFree សូមធ្វើការបកស្រាយពីភាពខុសគ្នារវាងបច្ចេកវិទ្យាអុីម៉ែលពីរគឺ IMAP និង POP3 នៅក្នុងអត្ថបទនេះ។
លក្ខណៈខុសគ្នារវាង Email Clients និង Webmail
ដើម្បីឲ្យការស្វែងយល់ពីភាពខុសគ្នារវាង IMAP និង POP3 កាន់តែងាយស្រួល អ្នកគួរបែងចែកលក្ខណៈខុសគ្នារវាង Email Clients និង Webmail ជាមុនសិន។ Email Clients គឺជាកម្មវិធីដែលបានតម្លើងនៅលើម៉ាសុីនកុំព្យូទ័ររបស់អ្នក ដូចជា Microsoft Outlook, Windows Live Mail និង Mozilla Thunderbird ជាដើម។ រាល់ការប្រើប្រាស់អុីម៉ែលនានា គឺត្រូវបានប្រព្រឹត្តឡើងនៅលើកម្មវិធីទាំងនោះជាជាង ការប្រើប្រាស់ Browser។ ចំណែកឯ Webmail វិញគឺជាកម្មវិធីដែលដំណើរការលើ Browser ទាមទារឲ្យមានការភ្ជាប់ជាមួយអុីនធឺណែត ប៉ុន្តែមិនតម្រូវឲ្យមានការតម្លើងកម្មវិធីជំនួយផ្សេងៗទេ។ Webmail មានដូចជា Gmail, Yahoo និង Hotmail ជាដើម។
POP3 និង IMAP
POP3 ឬ Post Office Protocol Version 3 គឺជាបច្ចេកវិទ្យាអុីម៉ែលដែលត្រូវបានបង្កើតឡើងទាំងពីពេលដែលអុីនធឺណែតមានល្បឿនយឺតនៅឡើយ។ ជាមួយ POP3 អុីម៉ែលទាំងអស់ត្រូវបានលុបចេញពី Server បន្ទាប់ពីបានទាញយក និងរក្សាទុកជាលក្ខណៈ Offline នៅលើម៉ាសុីនកុំព្យូទ័រផ្ទាល់តែម្តង។ ការធ្វើបែបនេះគឺដើម្បីឲ្យអ្នកប្រើប្រាស់អាចគ្រប់គ្រង និងមើលអុីម៉ែលរបស់គេដោយមិនចាំបាច់ចំណាយថវិកាលើការប្រើប្រាស់អុីនធឺណែតម្តងហើយម្តងទៀត។
IMAP ដែលមកពីពាក្យពេញថា Internet Message Access Protocol គឺជាបច្ចេកវិទ្យាអុីម៉ែលដែលមានលក្ខណៈសាកសមក្នុងការប្រើប្រាស់ជាមួយនឹងបណ្តាញអុីនអឺណែតដែលមានភាពទៀងទាត់ និងមានល្បឿនលឿន។ IMAP អនុញ្ញាត្តិឲ្យអ្នកប្រើប្រាស់អាចមើលអុីម៉ែលជាមួយទាំង Email Clients និង Webmail ពោលគឺគេអាចបើកប្រអប់សារបាននៅគ្រប់ទីកន្លែង និងនៅលើគ្រប់ឧបករណ៍ទាំងអស់។ ដោយសារ IMAP រក្សាទុកអុីម៉ែលនៅលើ Remote Server អុីម៉ែលទាំងនោះនឹងមិនបាត់បង់ លុះត្រាតែអ្នកប្រើប្រាស់សម្រេចលុបវាចោល។
គុណសម្បត្តិ និងគុណវិបត្តិ
POP3
IMAP
សន្និដ្ឋាន
បច្ចេកវិទ្យាអុីម៉ែលទាំងពីរសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន។ វាត្រូវបានបង្កើតឡើងដើម្បីបំពេញសេចក្តីត្រូវការខុសៗគ្នា។ ជាក់ស្តែង POP3 ផ្តោតទៅលើការប្រើប្រាស់អុីម៉ែលដោយមិនពឹងផ្អែកសុទ្ធសាធលើប្រព័ន្ធអុីនធឺណែត។ រីឯ IMAP ប្រើប្រាស់ភាពសំបូរបែបនៃអុីនធឺណែត ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់អុីម៉ែល។ យោងទៅតាមស្ថិតិរបស់ សហភាពទូរគមនាគមន៍អន្តរជាតិ (International Telecommunications Union) បានឲ្យដឹងថាចំនួនអ្នកប្រើប្រាស់អុីនធឺណែតទូទាំងពិភពលោកក្នុងឆ្នាំ 2016 មានត្រឹមតែជាង 40% ប៉ុណ្ណោះ។ ប្រជាជន 3.9 ពាន់លានអ្នក ប្រមាណជា 53% នៃប្រជាជនសរុបទូទាំងពិភពលោក កំពុងរស់នៅដោយគ្មានអុីនធឺណែត(ឬកំពុងប្រើប្រាស់អុីនធឺណែតដែលមានល្បឿនយឺត)។ ដូច្នេះហើយទើប POP3 នៅតែជាជម្រើសដល់ល្អមួយសម្រាប់ពួកគេ។ ប្រសិនបើអ្នកកំពុងតែអានអត្ថបទនេះដោយប្រើប្រាស់អុីនធឺណែតដែលមានល្បឿនលឿន IMAP គួរតែជាជម្រើសដល់សាកសមបំផុតរបស់អ្នក។