Swift គឺជាភាសាកុំព្យូទ័រថ្មីស្រឡាងមួយ ដែលត្រូវបានប្រកាសឲ្យប្រើប្រាស់ដោយក្រុមហ៊ុន Apple កាលពីពាក់កណ្តាលឆ្នាំ២០១៤ ហើយបច្ចុប្បន្ននេះ វាមានកំណែប្រែ 3.0 ហើយ។ ផ្នែកជាច្រើននៃភាសា Swift មានភាពស្រដៀងគ្នាទៅនឹងការអភិវឌ្ឍកម្មវិធីដែលប្រើប្រាស់ភាសា C និង Objective C។
ដោយសារ Swift ជាប្រភេទភាសា Type-Safe វាអាចផ្តល់ឲ្យអ្នកបានដឹងនូវកំហុសដែលបានកើតឡើងភ្លាម នៅពេលដែលអ្នកផ្តល់តម្លៃទៅឲ្យអញ្ញត្តិ ដែលមានប្រភេទទិន្នន័យខុសគ្នា ឧទាហរណ៏ ការផ្តល់តម្លៃ ដែលមានប្រភេទទិន្នន័យជា Double ទៅ ឲ្យអញ្ញត្តិ ដែលមានប្រភេទទិន្នន័យជា Int។ ដើម្បីអាចប្រើប្រាស់ភាសា Swift បាន អ្នកត្រូវទាញយក Xcode IDE តាមរយៈ App Store ដែលមាននៅលើ MacOS ដោយវាយពាក្យ Xcode ឬ ចុចទីនេះ។
ដើម្បីផ្តល់ភាពងាយស្រួលក្នុងការសិក្សាភាសា Swift មួយនេះ Apple បានបង្កើតនូវ Playground ដែលមានភ្ជាប់មកជាមួយនឹង Xcode ស្រាប់។ Playground គឺជាកន្លែង ដែលអនុញ្ញាតឲ្យអ្នកអភិវឌ្ឍកម្មវិធីអាចប្រើប្រាស់ ដើម្បីសាកល្បងកូដរបស់គេ ជាមួយនឹងលទ្ធផល ដែលនឹងទទួលបានភ្លាមៗ។
របៀប បង្កើត Playground File
១) បើកកម្មវិធី Xcode រួចនៅលើផ្ទាំង Launch Screen សូមរើសយក Get started with a playground ដែលស្ថិតនៅផ្នែកខាងឆ្វេង
២) វាយបញ្ចូលឈ្មោះ File ដែលអ្នកបានបង្កើត ឧទាហរណ៏៖ GettingStartWithSwift រួចចុច Next
៣) ជ្រើសរើសទីតាំង ដែលអ្នកចង់រក្សាទុក រួចចុចពាក្យ Create នោះអ្នកនឹងបានឃើញផ្ទាំងមួយដូចខាងក្រោម
ស្វែងយល់ពីផ្នែកសំខាន់ៗនៅក្នុង Playground
- នៅផ្នែកខាងឆ្វេង ដែលមានផ្ទាំងពណ៍ស គឺជាទីតាំងសម្រាប់សរសេរកូដ
- នៅផ្នែកខាងស្តាំ ដែលមានផ្ទាំងពណ៍ប្រផេះ គឺជាទីតាំងសម្រាប់បង្ហាញលទ្ធផល
របៀបប្រើប្រាស់ Playground
- ដោយគ្រាន់តែវាយកូដរបស់អ្នកនៅផ្នែកខាងឆ្វេង នោះលទ្ធផលនឹងត្រូវបានបង្ហាញនៅផ្នែកខាងស្តាំភ្លាមៗ
- ក្នុងករណីដែលកូដរបស់អ្នកមានកំហុសឆ្គងត្រង់ណាមួយ នោះអ្នកនឹងឃើញមានសញ្ញាពណ៍ក្រហម នៅខាងឆ្វេងបន្ទាត់ ដែលមានកំហុសឆ្គងនោះភ្លាម
- អ្នកអាចចុចលើសញ្ញាពណ៍ក្រហមនោះ ដើម្បីដឹងពីព័ត៌មានលម្អិតអំពីកំហុសឆ្គងនោះ ដែលនឹងបង្ហាញនៅផ្នែកខាងស្តាំនៃបន្ទាត់ដដែលនោះ
- អ្នកអាចចុចវាម្តងទៀត ដើម្បីលាក់ព័ត៌មានលម្អិតនោះវិញ