សឹង្ហបុរីគឺជាប្រទេសដ៏រីកចំរើនមួយនៅទ្វីបអាសុី ហើយក៏ជាប្រទេសមួយដែលប្រជាជនមានស្តង់ដារនៃការរស់នៅខ្ពស់ផងដែរ។ ប៉ុន្តែរឿងដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺប្រជាជនប្រទេសនេះមិនសូវមានទំនាក់ទំនងគ្រួសារល្អនោះទេ។ យោងទៅតាមការស្ទង់មតិប្រជាជនសឹង្ហបុរីចំនួន 500នាក់ បានឲ្យឃើញថាមួយភាគបួននៃពួកគេកំពុងតែគិតពីរឿងលែងលះដៃគូរ។ បន្ទាប់ពីរឿងកូនៗ និងហិរញ្ញវត្ថុ ការងប់ងល់នឹងបច្ចេកវិទ្យាគឺជាមូលហេតុដ៏ធំមួយនៃការលែងលះ។
ខាងក្រោមនេះគឺជាកត្តាមួយចំនួននៃការប្រើប្រាស់បច្ចេកវិទ្យាមិនសមស្របដែលបានបំផ្លាញទំនាក់ទំនងគ្រួសាររបស់ប្រជាជនសឹង្ហបុរី។
បណ្តាញសង្គម
បណ្តាញសង្គមគឺជាមធ្យោបាយនៃការទំនាក់ទំនងមួយដែលមានអត្ថប្រយោជន៍ខ្ពស់ ចំណាយថវិកាតិច និងមានភាពរហ័សទាន់ចិត្ត។ យ៉ាងណាមិញ បណ្តាញសង្គមក៏ជាកត្តាមួយដែលបានធ្វើឲ្យទំនាក់ទំនងគ្រួសារនៃប្រជាជនសឹង្ហបុរីកាន់តែដុនដាប។ មានគ្រួសារជាច្រើនបានឈ្លោះប្រកែកគ្នាទាក់ទងទៅនឹងការចំណាយពេលលើបណ្តាញសង្គមច្រើនជាងការប្រាស្រ័យទាក់ទងផ្ទាល់ជាមួយក្រុមគ្រួសារ។
ទូរស័ព្ទដៃ
ទ្វីត្បិតតែទូរស័ព្ទដៃសម័យបច្ចុប្បន្នបានផ្តល់អត្ថប្រយោជន៍ច្រើនចំពោះអ្នកប្រើប្រាស់ដោយវាមានភាពទំនើប និងមានសមត្ថភាពស្ទើរតែអាចប្រើជំនួសកុំព្យូទ័រយួរដៃបាន វាក៏បានផ្តល់ផលវិបាកចំពោះជីវិតរស់នៅជាក់ស្តែងផងដែរ។ ពេលខ្លះប្រសិនបើអ្នកចំណាយពេលជាមួយទូរស័ព្ទដៃច្រើនវាមិនមានន័យថាអ្នកកំពុងរក្សាទំនាក់ទំនងល្អជាមួយអ្នករាល់គ្នាទេ ផ្ទុយទៅវិញអ្នកកំពុងតែបង្កើនគំលាតជាមួយមនុស្សដែលនៅជុំវិញខ្លួន។
ហ្គេមកុំព្យូទ័រ
ការលេងហ្គេមត្រូវបានគេរកឃើញថាមានអត្ថប្រយោជន៍ចំពោះខួរក្បាល និងការគិត។ វាធ្វើអ្នកលេងមានស្មារតីនឹងនរ និងជួយឲ្យគេអាចធ្វើការសម្រេចចិត្តបានរហ័ស។ ប៉ុន្តែអ្នកត្រូវចងចាំថាការលេងហ្គេមគឺមិនដូចជាការញៀននឹងហ្គេមទេ។ ការញៀននឹងហ្គេមជាកត្តាមួយដែលបានបំផ្លាញសុភមង្គលគ្រួសារមួយចំនួននៅប្រទេសសឹង្ហបុរី។ វាធ្វើឲ្យសមាជិកគ្រួសារដែលញៀននោះត្រូវផ្តាច់ខ្លួនពីសមាជិកគ្រួសារដទៃទៀតដើម្បីយកពេលវេលាលេងហ្គេម។ មិនត្រឹមតែការចំណាយពេលវេលាប៉ុណ្ណោះទេ ហ្គេមខ្លះតម្រូវឲ្យអ្នកលេងចំណាយទាំងថវិកាដើម្បីលេងទៀតផង។ មិនតែប៉ុណ្ណោះវាអាចឈានដល់ការប្រើអំពើហិង្សាក្នុងគ្រួសារផងដែរ។ ម្យាងទៀត បញ្ហាសុខភាពអាចជាផលប៉ះពាល់រយៈពេលវែងនៃការញៀននឹងហ្គេមនេះ។
ទាំងអស់នេះគឺជាគុណវិបត្តិនៃការប្រើប្រាស់បច្ចេកវិទ្យាមិនសមស្រប។ ប៉ុន្តែយើងមិនអាចសន្និដ្ឋានបានថាបច្ចេកវិទ្យាជាអ្នកបំផ្លាញសុភមង្គលគ្រួសារបាននោះទេ។ រាល់បច្ចេកវិទ្យាទាំងអស់ត្រូវបានបង្កើតឡើងក្នុងគោលបំណងបម្រើសេចក្តីត្រូវការ និងសម្រួលការលំបាករបស់មនុស្ស។ ការលុបបំបាត់ការប្រើប្រាស់បច្ចេកវិទ្យាមិនមែនជាដំណោះស្រាយនោះទេ។ ដំណោះស្រាយពិតប្រាកដគឺការអធ្យាស្រ័យ និងការសិក្សាស្វែងយល់ពីវិធីគ្រប់គ្រង និងវិធីប្រើប្រាស់បច្ចេកវិទ្យា ដើម្បីទទួលបានអត្ថប្រយោជន៍ ព្រមទាំងជៀសវាងបញ្ហាទាំងអស់នេះ។