Rich Kids បណ្តាញសង្គមថ្មីសម្រាប់អ្នកមាន
នៅក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាញសង្គមបានក្លាយជាប្រភពនៃការទំនាក់ទំនង ចែករំលែក និងការកំសាន្តដ៏សម្បូរបែបសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណះ។ កន្លងមកយើងឃើញថាការប្រើប្រាស់បណ្តាញសង្គមទាំងនោះ(Facebook, Twitter, Instagram, Youtube, LinkedIn…) មិនតម្រូវឲ្យអ្នកប្រើប្រាស់ចំណាយថវិកាឡើយ។ ដោយឡែក «មានលុយគួរធុញ នៅពេលគ្មានអ្នកណាឃើញ» គឺជាពាក្យស្លោករបស់គេហទំព័របណ្តាញសង្គមថ្មីមួយមានឈ្មោះថា Rich Kids ដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អ្នកហ៊ានចំណាយ។
ថ្វីត្បិតតែ Rich Kids មានលក្ខណៈខុសប្លែកពីបណ្តាញសង្គមដទៃ អ្នកនៅតែអាចចុះឈ្មោះដោយសេរីដោយប្រើគណនីហ្វេសប៊ុក។ ប៉ុន្តែដើម្បីចែករំលែកមាតិការនានានៅលើបណ្តាញសង្គមនេះ អ្នកប្រើប្រាស់តម្រូវឲ្យបង់ប្រាក់ប្រចាំខែចំនួន 1000 អុឺរ៉ូ (ប្រហែល 1100ដុល្លារអាមេរិក)។ ចំពោះគណនីឥតគិតថ្លៃបានត្រឹមតែមើលអ្វីដែលគេចែករំលែកប៉ុណ្ណោះ។
យោងទៅតាមនាយកប្រតិបត្តិរបស់ Rich kids មួយភាគបីនៃប្រាក់ចំណូលដែលបានមកពីការចុះឈ្មោះជាសមាជិក នឹងត្រូវបរិច្ចាគសម្រាប់ការអប់រំសម្រាប់កុមារក្រីក្រ។
យ៉ាងណាមិញអ្វីដែល Rich Kids ធ្វើត្រូវបានគេមើលឃើញថាប្រាសចាកពីគោលគំនិតនៃការបង្កើតបណ្តាញសង្គម។ ពោលគឺការផ្តល់សិទ្ធិស្មើៗគ្នាក្នុងការចែករំលែក និងបញ្ចេញមតិ។ ពិតណាស់ប្រាកដជាមានអ្នកហ៊ានចំណាយរហូតដល់ ១ពាន់អុឺរ៉ូក្នុងមួយខែដើម្បីក្លាយជាសមាជិករបស់បណ្តាញសង្គមនេះ។ ប៉ុន្តែកត្តាដែលធ្វើឲ្យបណ្តាញសង្គមមួយទទួលបានជោគជ័យគឺចំនួនអ្នកប្រើប្រាស់ និងការចូលរួមរបស់គេ។
ការមិនអនុញ្ញាតិ្តអ្នកប្រើប្រាស់គណនីឥតគិតថ្លៃបង្ហោះចែករំលែកបទពិសោធន៍ពីខ្លួនគេ ហាក់ដូចជាបិទការចូលរួមដ៏ធំមួយ។ មិនយូរប៉ុន្មានអ្នកទាំងនោះនឹងធុញទ្រាន់ ហើយដើរចេញពីបណ្តាញសង្គមតម្លៃថ្លៃនេះដោយខ្លួនឯង។