ស្វែងយល់ពីម៉ូដែលនៃការអភិវឌ្ឈកម្មវិធីជាលក្ខណៈ Agile
កាលពីអត្ថបទមុន យើងបានលើកយកម៉ូដែលនៃការអភិវឌ្ឍកម្មវិធីមួយមកបកស្រាយដែលមានឈ្មោះថា Waterfall។ បើទោះបីជា Waterfall ជាម៉ូដែលមួយដែលពេញនិយម និងមានគុណប្រយោជន៍ខ្ពស់ក៏ដោយ វាមិនអាចយកមកអនុវត្តលើគ្រប់គម្រោងបាននោះទេ។ Agile គឹជាម៉ូដែលមួយនៃ SDLC (Software Development Life Cycle) ដែលអ្នកអភិវឌ្ឍគួរតែស្វែងយល់ ដើម្បីឲ្យការជ្រើសរើសម៉ូដែលនៃការអភិវឌ្ឍកម្មវិធីកាន់តែមានប្រសិទ្ធិភាព។
អត្ថបទនេះនឹងបង្ហាញអំពីម៉ូដែលនៃការអភិវឌ្ឍកម្មវិធី Agile និងលក្ខណៈពិសេសរបស់វា។
Agile ប្រើវិធីសាស្រ្តបំបែកការងារជាផ្នែកតូចៗតាមប្រភេទការងារ ដែលស្ថិតនៅក្នុងវដ្ដមួយ។ ជាទូទៅវដ្តមួយមានរយៈពេលប្រហែលពីមួយទៅបីសប្តាហ៍។ ក្នុងវដ្ដនិមួយៗមានការសហការគ្នារវាងក្រុមដែលទទួលខុសត្រូវលើមុខងារផ្សេងៗគ្នា ដែលផ្ទុយពី Waterfall ដែលផ្តោតលើមុខងារមួយមុខក្នុងមួយដំណាក់កាល។ រូបខាងលើបង្ហាញពីការប្រើប្រាស់ម៉ូដែល Agile នៅលើគម្រោងមួយ។ នៅក្នុងវដ្ដនិមួយៗ កិច្ចការផ្សេងៗគ្នាត្រូវធ្វើក្នុងពេលតែមួយ។ ត្រឹមតែបញ្ចប់វដ្ដដំបូងប៉ុណ្ណោះអ្នកអភិវឌ្ឍអាចមានកម្មវិធីមួយដែលអាចបង្ហាញដល់អតិថិជនរួចទៅហើយ បើទោះជាវានៅមិនទាន់គ្រប់លក្ខណៈ។
លក្ខណៈពិសេសមួយនៃម៉ូដែល Agile គឹវាមិនទាមទារឲ្យមានការធ្វើផែនការសម្រាប់ការអភិវឌ្ឍក្នុងពេលខាងមុខលម្អិតពេកនោះទេ។ ជាទូទៅផែនការដែលគ្រោងទុកសម្រាប់ពេលខាងមុខ គឺត្រឹមតែមុខងារដែលគេត្រូវធ្វើប៉ុណ្ណោះ។ អ្នកអភិវឌ្ឍអាចសម្របទៅតាមការប្រែប្រួលនៃតម្រូវការកម្មវិធីបានល្អ ព្រោះគេអាចបន្ថែមបន្ថយ កែសម្រួលកិច្ចការនានានៅវដ្ដខាងមុខបាន។ ជាលទ្ធផល កម្មវិធីដែលផលិតដោយប្រើម៉ូដែល Agile មិនសូវមានបញ្ហានោះទេ ព្រោះវាត្រូវបានឆ្លងកាត់ការធ្វើតេស្តយ៉ាងញឹកញាប់តាមវដ្ដនិមួយៗ ។ ជាមួយនឹង Agile អ្នកអភិវឌ្ឍមិនចាំបាច់ចំណាយពេលច្រើនក្នុងការចងក្រងឯកសារនោះទេ ព្រោះគេអាចទំនាក់ទំនងផ្ទាល់ជាមួយអ្នកអតិថិជនដើម្បីយល់កាន់តែច្បាស់ពីតម្រូវការនៃកម្មវិធី។
គោលគំនិតសំខាន់ៗនៃ Agile
- បុគ្គល និងការទំនាក់ទំនងៈ អ្នកអភិវឌ្ឍដែលប្រើប្រាស់ម៉ូដែល Agile ត្រូវមានការរៀបខ្លួនឲ្យបានល្អ ដោយហេតុថាគេអាចនឹងធ្វើការសហការគ្នាជាមួយអ្នកដទៃ។
- កម្មវិធីដែលអាចដំណើរការបានៈ ការប្រើប្រាស់កម្មវិធីដែលអាចដំណើរការបានមកបង្ហាញ និងប្រាស្រ័យទាក់ទងជាមួយនឹងអតិថិជនដោយផ្ទាល់គឺជាមធ្យោបាយដ៏មានប្រសិទ្ធិភាពមួយក្នុងការបង្កើតកម្មវិធីដែលត្រូវនឹងតម្រូវការរបស់អតិថិជន ដែលប្រសើរជាងការពឹងផ្អែកតែលើឯកសារ។
- ការសហការពីអតិថិជនៈ ជារឿងមួយដែលសឹងតែមិនអាចទៅរួច ដែលអ្នកអភិវឌ្ឍអាចទទួលបានតម្រូវការដ៏ជាក់លាក់នៃគម្រោងមួយ ដោយគ្រាន់តែជួបជាមួយអតិថិជនលើកដំបូង។ ការពិគ្រោះជាមួយអតិថិជនញឹកញាប់ជារឿងសំខាន់មួយដែលអាចធ្វើឲ្យអ្នកអភិវឌ្ឍច្បាស់ថាគេកំពុងធ្វើអ្វីដែលត្រឹមត្រូវ។
- ឆ្លើយតបទៅនឹងការប្រែប្រួលៈ ម៉ូដែលមួយនេះបានផ្តោតសំខាន់ទៅលើភាពងាយស្រួលក្នុងផ្លាស់ប្តូរ និងការអភិវឌ្ឍបន្ត។