Facebook ប្រកាសសេវាកម្មថ្មីឈ្មោះ Marketplace

Marketplace គឺជាសេវាកម្មទិញនិងលក់ នៅលើបណ្តាយហ្វេសបុក។ នៅប្រទេសកម្ពុជាយើង មានវេបសាយមួយចំនួនបាននិងកំពុងផ្តល់សេវាកម្មនេះដូចជាវេបសាយ Khmer24 និង iKnow ជាដើម។

តាមរយៈសេវាកម្មនេះអ្នកប្រើហ្វេសបុកទាំងអស់អាចលក់ឬស្វែងរកទំនិញដែលចង់បានយ៉ាងងាយស្រួល ដូចជាស្វែងទំនិញដែលនៅជិតខ្លួនជាដើម។ ចំណែករបៀបនៃការដាក់លក់ទំនិញក៏ងាយស្រួលដោយគ្រាន់តែ ១) ថតរូបទំនិញ ២) សរសេរឈ្មោះទំនិញ ៣) កំណត់ទីកន្លែងនិងប្រភេទ គឺជាការស្រេច។

facebook-marketplace-item

បច្ចុប្បន្នសេវាកម្មនេះមាននៅតែ សហរដ្ឋអាមេរិក អង់គ្លេស អូស្រ្តាលី និងនូវែលសេឡង់ ហើយមិនមានកំណត់កាលបរិច្ឆេតច្បាស់លាស់សំរាប់ចេញប្រើសេវាកម្មនេះនៅប្រទេសផ្សេងទៀតទេ។

នៅកម្ពុជាមានអ្នកប្រើហ្វេសបុក ប្រហែល ៤លាននាក់ ហើយប្រសិនបើសេវាកម្មនេះមាននៅកម្ពុុជា នោះប្រហែលជាមានអ្នកប្រើប្រាស់ច្រើនដោយសារភាពងាយស្រួលប្រើ និងធ្លាប់ប្រើហ្វេសបុករួចមកហើយដោយមិនចាំបាច់រៀនអ្វីថ្មីទៀត។  ហើយសេវាកម្មនេះនឹងក្លាយជាដៃគូរប្រកួតប្រជែងដ៏ធំមួយជាមួយនឹងសេវាកម្មដែលមានស្រាប់នៅក្នុងស្រុកដូចជា Khmer24 និង iKnow។