Variable ដែលប្រែជាភាសាខ្មែរថា «អថេរ» មានតួនាទីមិនសូវខុសគ្នាពីអថេរនៅក្នុងគណិតវិទ្យាទេ។ ពោលគឺវាត្រូវបានគេប្រើសម្រាប់រក្សាទុកតម្លៃទិន្ន័យមួយ។ ប៉ុន្តែអ្វីដែលពិសេសនោះគឺ Variable នៅក្នុងភាសាកុំព្យទ័រមានច្រើនយ៉ាង ហើយអាចរក្សាទុកទិន្ន័យច្រើនប្រភេទ មិនមែនត្រឹមតែទិន្ន័យជាចំនួននោះទេ។
អត្ថបទនេះនឹងបង្ហាញអំពីមូលដ្ឋានគ្រឹះនៃការប្រើប្រាស់ Variable ក្នុងភាសា Javascript ។
ការដាក់ឈ្មោះ Variable
ការដាក់ឈ្មោះអថេរនៅក្នុងភាសា Javascript គឺត្រូវធ្វើឡើងដោយគោរពទៅតាមច្បាប់ដែលបានកំណត់ដូចខាងក្រោមៈ
- ឈ្មោះមួយអាចតំណាងឲ្យអថេរមួយប៉ុណ្ណោះ។ ដូច្នេះឈ្មោះអថេរមិនអាចដាក់ជាន់គ្នាបានទេ។
- ឈ្មោះអថេរអាចជាការបន្សំគ្នារវាង អក្សរ(អង់គ្លេស) លេខ សញ្ញា Underscore និងសញ្ញាដុល្លារ ។
- ឈ្មោះអាចចាប់ផ្តើមដោយសញ្ញា $ និង _ (ប៉ុន្តែគេមិនសូវប្រើជាទូទៅ)។
- ឈ្មោះដែលប្រើអក្សរធំ ខុសពីឈ្មោះដែលប្រើអក្សរតូច (Case sensitive)។
- ឈ្មោះមិនត្រូវដាក់ជាន់នឹងពាក្យគន្លឹះនៃភាសា Javascript ទេ(if else new class …)។
ប្រភេទតម្លៃនៃ Variable
Variable អាចផ្ទុកតម្លៃជាប្រភេទចំនួន និងអក្សរ។ នៅក្នុងភាសាកុំព្យូទ័រអក្សរ ឬពាក្យត្រូវបានគេហៅថា String ។ ដើម្បីបង្កើតអថេរជា String អ្នកត្រូវសរសេរតម្លៃនៃអថេរនោះនៅចន្លោះសញ្ញា (“)។ ចំពោះចំនួនវិញ មិនតម្រូវឲ្យប្រើសញ្ញានោះទេ។ មានទិន្ន័យជាច្រើនប្រភេទទៀតដែលអាចផ្ទុកនៅក្នុងអថេរបាន ប៉ុន្តែអត្ថបទនេះសូមលើកយកតែពីរប្រភេទនេះមកបកស្រាយសិនប៉ុណ្ណោះ។
ការបង្កើត Variable
ដើម្បីបង្កើត Variable នៅក្នុងភាសា Javascript អ្នកអាចចាប់ផ្តើមដោយប្រើពាក្យ var នៅពីមុខឈ្មោះ Variable នោះ។ រួចអ្នកអាចកំណត់តម្លៃនៃអថេរនោះបានតាមក្រោយ (រូបខាងឆ្វេង)។ អ្នកក៏អាចឲ្យតម្លៃវានៅពេលដែលបង្កើតតែម្តងក៏បាន (រូបខាងស្តាំ)។ សូមមើលឧទាហរណ៍ខាងក្រោមៈ
Javascript ក៏អនុញ្ញាត្តិឲ្យអ្នកអាចបង្កើតអថេរច្រើនក្នុងពេលតែមួយផងដែរ។
ប្រមាណវិធីនៃ Variable
ប្រមាណវិធីនៃអថេរក្នុងភាសាកុំព្យូទ័រមួយនេះគឺស្រដៀងនឹងគណិតវិទ្យាដែរ(ករណីតម្លៃនៃអថេរជាចំនួនប៉ុណ្ណោះ)។
ចំណាំៈ ភាសាកុំព្យូទ័រមួយនេះចាប់ផ្តើមដំណើរការកូដពីលើចុះក្រោម ដូចនេះប្រសិនបើអ្នកផ្លាស់ប្តូរតម្លៃនៃអថេរមួយច្រើនដង នោះតម្លៃសម្រេចនៃអថេរនោះគឺជាតម្លៃដែលបានប្តូរចុងក្រោយបង្អស់។ ការយកតម្លៃចុងក្រោយនៃអថេរនេះ ត្រូវបានគេស្គាល់ជាភាសាអង់គ្លេសថា “Overwritten” ។
ដូចបានបញ្ជាក់ខាងលើ ទាំងអស់នេះគឹមូលដ្ឋានគ្រឹះនៃការប្រើប្រាស់ Variable ។ អ្នកនឹងអាចស្វែងយល់ពីលក្ខណៈលម្អិតនៅក្នុងអត្ថបទក្រោយៗទៀត។