អ្វីៗក៏មានប្រយោជន៍! Toyota Mirai ប្រើថាមពលចម្រាញ់ពីកាកសំណល់មិនគួរឲ្យជឿ
ខណៈដែលពិភពលោកកំពុងមានភាពចម្រូងចម្រាស់ចំពោះបញ្ហាការឡើងកំដៅផែនដី ដោយចោទទៅលើការកើនឡើងនៃចំនួនយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បានបង្ហាញនូវរថយន្តថ្មីរបស់ខ្លួនគឺ Toyota Mirai ដែលជាប្រភេទរថយន្តប្រើប្រាស់ឧស្ម័នអុីដ្រូសែនឥន្ធនៈ ។ធនធានមិនចេះបាត់បង់មួយនេះក៏អាចចម្រាញ់បានពីកាកសំណល់របស់មនុស្សដែលមិនគួរជឿមួយគឺលាមក។
Toyota បានប្រើប្រាស់កន្លែងបំលែងទឹកកខ្វក់មួយនៅតំបន់ Fukuoka ដើម្បីផ្តាច់ចេញពីគ្នារវាងកាកសំណល់រាវ និងរឹង។ ចំពោះកាកសំណល់រឹង វាត្រូវបានលាយច្របល់ជាមួយនឹងសារធាតុសេរីរាង្គតូចៗដែលអាចបម្លែងវាទៅជាជីវឧស្ម័ន។ បន្ទាប់មកទៀតគេចម្រាញ់យកកាបូនឌីអុកសុីតចេញ រួចបញ្ចូលនូវចំហាយទឹក។ កាបូនឌីអុកសុីតត្រូវបានគេបន្តដកចេញទៀត ហើយអ្វីដែលនៅសល់គឺឧស្ម័នអុីដ្រូសែនសុទ្ធ ។
តាមពិតទៅគំនិតនៃការប្រើប្រាស់ឧស្ម័នអុីដ្រូសែនដើម្បីបញ្ជៀសរាល់ផលប៉ះពាល់ដែលអាចកើនមានទៅលើបរិស្ថាននោះមិនមែនជាគំនិតថ្មីនោះទេ។ អ្វីដែលនៅពីក្រោយភាពមិនជោគជ័យនៃគម្រោងនេះកន្លងមកគឺការរង់ចាំមើលគ្នាទៅវិញទៅមករវាងអ្នកលក់ និងអ្នកទិញ។ អ្នកប្រើប្រាស់មិនហ៊ានទិញរថយន្តដែលដំណើរការដោយឧស្ម័នអុីដ្រូសែនព្រោះស្ថានីយ៍ផ្គត់ផ្គង់ឥន្ធនៈប្រភេទនេះមិនទាន់មានវត្តមានច្រើននៅឡើយទេ។ រីឯអ្នកវិនិយោគទុនក៏មិនចង់ប្រថុយវិនិយោគលើជំនួញដែលមានអតិថិជនស្តួចស្តើងនេះដែរ។
យ៉ាងណាមិញការចម្រាញ់យកឧស្ម័នអុីដ្រូសែនពីកាកសំណល់ទឹកកខ្វក់នេះអាចនិយាយបានថាជាមធ្យោបាយដ៏ល្អមួយបើគិតលើវិស័យសេដ្ឋកិច្ច។ ព្រោះបច្ចេកវិទ្យានេះអាចបង្កើតជាផលិតផលថ្មីជាច្រើនពីអ្វីដែលបានខូចខាតរួចទៅហើយ។ ដរាបណាមានវត្តមានរបស់មនុស្សរស់នៅ ធនធានមួយនេះគឺមិនអាចរីងស្ងួតនោះទេ។ ដូច្នេះការងាកមកប្រើប្រាស់យានយន្តដំណើរការដោយឧស្ម័នអុីដ្រូសែន ការបង្កើតកន្លែងកែច្នេះ និងស្ថានីយ៍ឧស្ម័នអុីដ្រូសែនឥន្ធនៈនេះ អាចធ្វើឡើងកាន់តែលឿន កាន់តែចំនេញ។