Vert.X ជាកម្មវិធីជំនួយមួយដែលមានសមត្ថភាពអាចបង្កើតកម្មវិធីប្រភេទ Reactive ផ្សេងទៀតបានដោយនៅលើ Java Virtual Machine ។ វាត្រូវបានបង្កើតឡើងដោយលោក Tim Fox ក្នុងឆ្នាំ 2011 ខណៈពេលលោកកំពុងធ្វើការនៅក្រុមហ៊ុន VMware ។ រូបរាងខាងក្រៅនៃ Vert.X គឺស្រដៀងនឹង Node.js ដែលជា Platform មួយនៃភាសា Javascript ។ ចំណែកឯ Vert.X វិញគឺផ្តោតសំខាន់លើភាសា Java ។ យ៉ាងណាមិញលក្ខណៈសុីជម្រៅនៃកម្មវិធីនេះពិតជាមិនដូច Node.js នោះទេ។
អត្ថបទនេះនឹងបង្ហាញពីលក្ខណៈពិសេសៗមួយចំនួននៃ Vert.X ដែលធ្វើឲ្យកម្មវិធីមួយនៃទទួលបានការគាទ្រច្រើនពីអ្នកប្រើប្រាស់។
Polyglot
Polyglot ជាលក្ខណៈពិសេសមួយរបស់ Vert.X ដែលអនុញ្ញាត្តិឲ្យអ្នកប្រើប្រាស់អាចសរសេរកូដកម្មវិធីរបស់ខ្លួនដោយប្រើភាសាច្រើន ដូចជាភាសា Java, Javascript, Groovy, Ruby និង Ceylon។ ដូច្នេះអ្នកប្រើប្រាស់អាចជ្រើសរើសភាសាមួយណាដែលខ្លួនចូលចិត្តហើយសមស្របទៅនឹងកិច្ចការ និងសមត្ថភាពរបស់ខ្លួន។ Vert.X ក៏បានផ្តល់ឲ្យអ្នកប្រើប្រាស់នូវ API (Application Programming Interface) គ្រប់ភាសាដែលខ្លួនបានគាំទ្រផងដែរ។
សម្រាប់ការប្រើប្រាស់ទូទៅ
Vert.X មិនកំណត់ប្រភេទនៃកម្មវិធីដែលត្រូវបង្កើតនោះឡើយ។ វាត្រូវបានរចនាឡើងសម្រាប់គោលបំណងទូទៅ។ អ្នកប្រើប្រាស់អាចបង្កើតកម្មវិធីជាច្រើនប្រភេទទៅតាមតម្រូវការជាក់ស្តែង។ Vert.X អាចជាជម្រើសដ៏សមស្របបំផុត មិនថាសម្រាបគម្រោងធន់តូច ឬធន់ធំទេ។ បច្ចុប្បន្ននេះ Platform មួយនេះត្រូវបានជ្រើសរើសដោយក្រុមហ៊ុនជាច្រើនដើម្បីបង្កើត Software របស់ខ្លួនចាប់តាំងពីហ្គេម រហូតដល់ប្រព័ន្ធធនាគារ។
វិធីសរសេកូដមិនត្រូវបានរឹតបន្តឹង
ខុសប្លែកពី Framework ឫ Container ដទៃ Vert.X មិនមានកំណត់ក្បួនខ្នាតណាមួយចំពោះការសរសេរកូដនោះទេ អ្នកអាចសរសេរកូដតាមវិធីដោយឡែកៗ ទៅតាមគំនិតរបស់អ្នកដោយប្រើប្រាស់មុខងារផ្សេងៗមានស្រាប់របស់ Vert.X ។
Asynchronous
ជារឿងល្អមួយដែល Vert.X អាចផ្តល់មុខងារដ៏ពិសេសនេះដល់អ្នកប្រើប្រាស់។ Asynchronous មានន័យថាកម្មវិធីមួយអាចបំបែកខ្លួនជាផ្នែកតូចៗ រួចផ្នែកតូចៗទាំងនោះអាចដំណើរការក្នុងពេលតែមួយបាន។ គុណសម្បត្តិនៃមុខងារនេះគឺអាចធ្វើឲ្យកម្មវិធីទាំងមូលមានល្បឿនលឿន និងមានលក្ខណៈ Responsive។ ដូច្នេះកម្មវិធីដែលត្រូវបានសរសេរឡើយដោយប្រើ Vert.X មិនតម្រូវឲ្យមានកម្រិត Hardware ខ្ពស់នោះទេ ហើយថែមទាំងមានល្បឿនលឿនទៀតផង។
សាមញ្ញតែមានសមត្ថភាពខ្ពស់
Vert.X ត្រូវបានបង្កើតឡើយក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។ ប៉ុន្តែភាពងាយស្រួល និងសាមញ្ញនោះមិនបានបញ្ជាក់ថា Vert.X សាកសមសម្រាប់តែការបង្កើតកម្មវិធីសាមញ្ញតូចៗនោះទេ។ អ្នកប្រើប្រាស់នៅតែអាចបង្កើតកម្មវិធីធំៗដែលមានឥទ្ធិពលនៅក្នុង Vert.X បានផងដែរ ពោលគឺបង្កើតកម្មវិធីធំៗ ប្រកបដោយភាពងាយស្រួល និងសាមញ្ញបំផុត។