មានអ្វីថ្មីនៅក្នុងព្រឹត្តិការណ៍ Apple នៅថ្ងៃទី 7 ខែកញ្ញា ឆ្នាំ2016​កន្លងមក

រយៈពេល ៤ឆ្នាំចុងក្រោយនេះ ខែកញ្ញាត្រូវបានក្រុមហ៊ុនអេឡិចត្រូនិកលំដាប់កំពូល Apple ជ្រើសរើសជាកាលបរិច្ឆេទនៃព្រឹត្តិការណ៍ពិសេសរបស់ខ្លួន ពោលគឺការបង្ហាញនូវរាល់ផលិតផលចុងក្រោយបង្អស់របស់ Apple ដែលគេគ្រប់គ្នាស្គាល់ថាជាការសម្ភោធន៍ទូរស័ព្ទ iPhone ជំនាន់ថ្មី។ ឆ្នាំនេះក៏ខុសពីឆ្នាំកន្លងមកដែរ ផលិតផលពីររបស់ក្រុមហ៊ុន Apple បានបង្ហាញខ្លួនជាផ្លូវការហើយគឺ Smartwatch ជំនាន់ទី២របស់ Apple ដែលមានឈ្មោះថា Apple Watch Series 2 និងស្មាតហ្វូនដែលពិភពលោកបានទន្នឹមរង់ចាំនោះគឺ Apple iPhone 7 / 7 Plus ដែលនាំមកជាមួយនូវមុខងារពិសេសៗជាច្រើនដើម្បីបំពេញតម្រូវអ្នកប្រើប្រាស់។ ក្រៅពីនេះក៏មាននូវការបង្ហាញនូវចំនុចគួរឲ្យចាប់អារម្មណ៍ផ្សេងៗទៀតផងដែរ។

អត្ថបទនេះនឹងបង្ហាញអំពីចំនុចសំខាន់ៗនៃព្រឹត្តិការ Apple Special Event ប្រចាំឆ្នាំ 2016 នេះ។

Apple iPhone 7

ស្មាតហ្វូនដែលពិភពលោកបានរង់ចាំនោះបានមកដល់ហើយ! ដូចដែលបានរំពឹងទុក iPhone ស៊េរីថ្មីនេះមានពីរម៉ូដែលគឺ iPhone 7 ដែលមានអេក្រង់ 4.7 អុីង និង iPhone 7 Plus ដែលមានអេក្រង់ទំហំ 5.5 អុីង។ ឆ្នាំនេះ Apple បានបន្ថែមពណ៌ថ្មីៗចំនួនពីរទៀតទៅដល់ iPhone គឺពណ៌ខ្មៅរលោងដែលហៅថា Jet Black និងពណ៌ខ្មៅគ្រើមដែលថា Black  ។ ពណ៌ទាំងពីរនេះធ្វើស្មាតហូនទាំងពីរម៉ូដែលនេះកាន់តែមានភាពទាក់ទាញទៅទៀត។ រន្ធដោតកាសទំហំ 3.5 mm ត្រូវបានដកចេញដូចពាក្យចចាមអារាមមែន ហើយជំនួសមកវិញដោយបច្ចេកវិទ្យាការពារការជ្រាបទឹក IP 67 ដែលអាចការពារស្មាតហូននេះពីការខូចខាតនៅពេលធ្លាក់ចូលទឹកជម្រៅ ១ម៉ែត្ររយៈពេល ៣០នាទី ព្រមទាំងប៊ូតុង Home ថ្មីដែលជាបច្ចេកវិទ្យប៊ូតុងសិប្បនិមិត្តិ អ្នកប្រើប្រាស់គ្រាន់តែប៉ះធម្មតាប៉ុណ្ណោះ ប៊ូតុងនោះនឹងបញ្ចេញរំញ័រហាក់ដូចជាការចុចប៊ូតុងពិតៗអញ្ចឹង។ iPhone ជំនាន់ក្រោយនេះមានឧបករណ៍បំពងសម្លេងរហូតទៅដល់ពីរ ដែលធ្វើឲ្យសម្លេងកាន់តែលឺច្បាស់ល្អ និងពិរោះជាមុន។ អ្វីដែលពិសេសនោះគឺ iPhone ទាំងពីរម៉ូដែលនេះត្រូវបានបំពាក់ដោយ Chipset ជំនាន់ថ្មីគឺ Apple A10 Fusion ដែលត្រូវបានអះអាងថាមានល្បឿនលឿនជាង Chip ជំនាន់ចាស់រហូតទៅដល់ 50% និងសុីថាមពលថ្មតិចជាងមុន។ មិនតែប៉ុណ្ណោះ Apple ពិតជាបានស្តាប់នូវមតិរិះគន់របស់អតិថិជនខ្លួន ឥលូវនេះ Apple បានបន្ថែមនូវទំហំអង្គផ្ទុកទិន្ន័យទ្វេរជាពីរ ពោលគឺទំហំតូចបំផុតគឺ 32GB និងធំបំផុតគឺរហូតទៅដល់ 256GB។iphone-7-plus-lineup-1

ចំពោះ Resolution នៃ iPhone ជំនាន់ថ្មីនេះមិនមានការប្រែប្រួលទេ ។ យ៉ាងណាមិញ Apple បានអះអាងថាអេក្រង់របស់ iPhone 7/7 Plus មានកម្រិតពន្លឺភ្លឺជាងមុនរហូតទៅដល់ 25% និងមានពណ៌កាន់តែច្បាស់ជាងមុន។ និយាយអំពីកាមេរ៉ាវិញ វាគឺជាចំនុចសំខាន់បំផុតនៃស្មាតហ្វូនទាំងពីរម៉ូដែលនេះ ។ ហើយវាក៏ជាចំនុចមួយដែលយើងអាចញែកគ្នារវាង iPhone 7 និង iPhone 7 Plus ផងដែរ។ iPhone 7 ត្រូវបានបំពាក់ដោយកាមេរ៉ាក្រោយដែលមានទំហំ 12 magapixel ជាមួយនឹងកម្រឹត Aperture f/1.8 ដែលអាចថតរូបក្នុងស្ថានភាពងងឹតបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះវាក៏បាននាំមកនូវបច្ចេកវិទ្យា Optical image stabilization ដែលអាចទប់លំនឹងបានមិនធ្វើឲ្យរូបភាពព្រិលដែលបង្កដោយការញ័រដៃពេលកំពុងថត។ Apple បានបញ្ចាក់ផងដែរថា បច្ចេកវិទ្យាថតរូបថ្មីរបស់ខ្លួនដែលប្រើ Machine learning អាចបង្កើនសមត្ថភាពចាប់រូបដោយស្វ័យប្រវត្តិ(autofocus) និងធ្វើឲ្យរូបភាពមានពណ៌ច្បាស់ល្អ។ ចំពោះ iPhone 7 Plus វិញត្រូវបានបំពាក់ដោយកាមេរ៉ាភ្លោះពីរនៅខាងក្រោយមានទំហំ 12 magapixel f/1.8 ដូចនឹង iPhone 7 ដែរ ប៉ុន្តែវាមានកាមេរ៉ាមួយទៀតដែលត្រូវបានហៅថា Telephoto lens ។ កាមេរ៉ាទាំងពីរនេះត្រូវបានប្រើប្រាស់ក្នុងពេលជាមួយគ្នា ដោយ Telephoto lens មានសមត្ថិភាពអាចកាមេរ៉ារបស់ iPhone 7 Plus នេះអាចទាញយករូបភាពឆ្ងាយ (Zoom) បានរហូតទៅដល់ពីរដងដោយមិនធ្វើឲ្យប្រែប្រួលគុណភាពរូបភាពឡើយ។ មិនតែប៉ុណ្ណោះវាក៏អាច Zoom បានបន្ថែមពីលើនេះទៀតដោយប្រើ Software ប៉ុន្តែមិនអាចរក្សាគុណភាពរូបភាពឲ្យនូវដូចដើមដូចករណីប្រើ Telephoto lens ទេ។ Apple ក៏បានអះអាងផងដែរថា Flash ដែលភ្ជាប់មកជាមួយ iPhone ជំនាន់ថ្មីនេះមានសមត្ថភាពខ្ពស់អាចធ្វើឲ្យការថតរូបនៅទីងងឹតមានសភាពភ្លឺជាងមុន។ មុខងារពិសេសមួយទៀតដែលទទួលបានតែ iPhone 7 Plus នោះគឺការថតរូបមនុស្សដោយធ្វើឲ្យផ្ទាំងខាងក្រោយមានសភាពព្រាលដែលត្រូវបានគេហៅថា “Bokeh” ។ មុខងារមួយនេះអាចផ្លាស់ប្រែ iPhone 7 Plus របស់លោកអ្នកឲ្យទៅជាម៉ាសុីនថតរូបអាជីព។ ប៉ុន្តែ Bokeh មិនទាន់មកជាមួយនឹង iPhone 7 Plus នេះភ្លាមទេ វាគឺជា Software update មួយនៃ iOS 10 ដែលនឹងដាក់ឲ្យទាញយកនៅពេលខាងមុខ។ ខាងក្រោយនេះគឺជារូបភាពគំរូដែលត្រូវបានថតដោយ iPhone 7 Plus ជាមួយនឹងបច្ចេកវិទ្យា Bokeh ។

iphone_7_post_bokeh

Apple Watch Series 2

បន្ទាប់ពីភាពយោគជ័យលើនាឡិការឆ្លាតវ័យជំនាន់ដំបូងរបស់ខ្លួន Apple បានបញ្ចេញនូវ Smartwatch ជំនាន់ទីពីរដែលមានឈ្មោះថា Apple Watch Series 2 ដែលត្រូវបានបង្កើតឡើងដោយយកចំនុចអវិជ្ជមានដែលកើតមានលើជំនាន់ចាស់មកកែលំអ និងរួមបញ្ចូលជាមួយនឹងមុខងារពិសេសៗជាច្រើនទៀតដែលធ្វើឲ្យនាឡិការឆ្លាតវៃមួយនេះជាផលិតផលលេចធ្លោមួយរបស់ Apple នៅក្នុងឆ្នាំនេះ។ Apple Watch Series 2 នេះត្រូវបានបំពាក់ដោយអេក្រង់ថ្មីស្រឡាងដែលមានពន្លឺភ្លឺជាងជំនាន់មុនដល់ទៅពីរដង។ Chip S2 ដែលមាន Dual-core processor ធ្វើឲ្យនាឡិការឆ្លាតវ័យមួយនេះមានល្បឿនលឿនជាងមុនរហូតដល់ 50%។ ដើម្បីបង្កើនតម្លៃ និងភាពថ្លៃថ្នូរនៃនាឡិកាឆ្លាតវ័យជំនាន់ក្រោយរបស់ខ្លួន Apple បានផ្តល់ជម្រើសថ្មីដល់អ្នកប្រើប្រាស់ដូចជាការផលិត Apple Watch Series 2 ជាសេរ៉ាមិកពណ៌ស អាលុយមីញ៉ូម និងដែកមិនច្រេះ។ ហើយក៏មានជម្រើសជាមួយនឹងម៉ាកដទៃទៀតដូចជា Hermès និង Nike ដែលរចនាឡើងសម្រាប់កីឡា។

515574-apple-watch-series-2

អ្វីដែលធ្វើឲ្យ Apple Watch Series 2 កាន់តែពិសេសលើនាឡិការឆ្លាតវ័យដទៃទៀតនោះគឺមុខងារការពារជ្រាបទឹកដ៏មានប្រសិទ្ធិភាពខ្ពស់បំផុតគឺរហូតទៅដល់ជម្រៅ 50ម៉ែត្រ។ ឥលូវនេះអ្នកអាចហែលទឹកស្របពេលដែលពាក់ Apple Watch Series 2 ជាប់នឹងដៃបានហើយ។ តួនៃនាឡិការឆ្លាតវ័យនេះត្រូវបានរចនាឡើងជាថ្មី ជាពិសេសត្រង់ចំណុចឧបករណ៍បំពងសម្លេង Apple បានរចនាឡើងដោយអាចឲ្យវារុញទឹកចេញក្រៅបាននៅពេលដែលមានទឹកចូល។ មុខងារពិសេសមួយទៀតគឺ GPS ។ Apple Watch Series 2 ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា GPS ដែលធ្វើឲ្យការរត់ និងការលេងកីឡាមួយចំនួនកាន់តែអស្ចារ្យ។ រឿងដែលគួរឲ្យរំភើបមួយទៀតនោះគឺពេលនេះ Apple Watch Series 2 អាចលេងហ្គេម Pokemon Go បានហើយ! Apple Watch Series 2 ត្រូវបានគេមើលឃើញថាកាន់តែមានមុខងារច្រើនទៅៗ ដែលពេលអនាគតអាចនឹងក្លាយឧបករណ៍ឯករាជ្យមួយដោយមិនចាំបាច់ពឹងផ្អែកលើ iPhone ទៀតទេ។

Wireless Headphones

ខណៈដែរ iPhone 7/7 Plus ពុំមានរន្ធដោតកាស 3.5 mm ហើយប្រើជំនួសវិញដោយកាសដែលនឹងត្រូវដោតនៅរន្ធសាកថ្ម Lightning អ្នកប្រើប្រាស់ពិតជាពិបាកដោយត្រូវតែជ្រើសរើសរវាងការសាកថ្ម និងការស្តាប់ចម្រៀង។ ដើម្បីសម្រេចកិច្ចការទាំងពីរនេះក្នុងពេលតែមួយ Apple បានផលិតនូវកាសឥតខ្សែឡើងដែលមានឈ្មោះថា AirPods ដែលបំពាក់ដោយ Chip W1 ហើយមកជាមួយនូវប្រអប់ដាក់កាសពិសេសដែលគ្រាន់តែបើកប្រអប់ អ្នកនឹងអាចភ្ជាប់កាសនោះទៅអ្នក iPhone បានដោយស្វ័យប្រវត្តិ។ AirPods ក៏អាចអ្នកប្រើប្រាស់ដំណើរការ Siri បានយ៉ាងងាយស្រួលផងដែរ ដោយគ្រាន់តែប៉ះពីរដងលើវាជាការស្រេច។ AirPods នៅត្រូវដាក់លក់នៅខែតុលាខាងមុខក្នុងតម្លៃ $159។ គួរបញ្ចាក់ផងដែរថា Apple ជាក្រុមហ៊ុនអេឡិចត្រូនិកឈានមុខគេមួយដែលតែងតែផ្លាស់ប្តូរនូវទម្លាប់នៃការប្រើប្រាស់បច្ចេកវិទ្យារបស់ពិភពលោកដូចជាកាលពីអតីតកាលក្រុមហ៊ុមនេះជាក្រុមហ៊ុនដំបូងដែលបោះបង់ Floppy Disk 5.25 អុីង មកប្រើ Floppy Disk 3.5 អុីងវិញ។ មិនតែប៉ុណ្ណោះ Apple ជាក្រុមហ៊ុនដែលបំពាក់នូវរន្ធ USB ដំបូងបង្អស់ និងជាក្រុមហ៊ុនដែលសម្រេចចិត្តដកចេញនូវ CD/DVD Drive ពីកុំព្យូទ័រយួរដៃរបស់គេ(Macbook) ។ យ៉ាងណាមិញការដករន្ធដោតកាស 3.5 mm នេះហាក់ដូចជាធ្វើឡើងលឿនពេកខណៈដែលការប្រើប្រាស់ កាសឥតខ្សែនៅមានកម្រិតទាបនៅឡើយ។

7f7eb3a709174434189c341b57735429

IOS 10

នៅថ្ងៃទី 13 ខែកញ្ញានេះ iOS 10 នឹងត្រូវចេញជាផ្លូវការហើយ។ វាត្រូវបានគេរំពឹងថាជាប្រព័ន្ធប្រតិបត្តិការដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្រ្ត iOS ។ មុខងារធំៗនៃប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីនេះគឺជាការបង្កើនសមត្ថភាព Siri ដែលធ្វើឲ្យវាកាន់តែឆ្លាតទៅៗ ដែលអាចស្វែងរករូបភាព និងអាចបកប្រែសារជាសម្លេងបាន។ បន្ថែមពីលើនេះទៀតនោះគឺការកែសម្រួលការជួនដំណឹង(Notification) និងមាន Widget បន្ថែមទៀត។ មុខងារពិសេសមួយទៀតដែលបង្កើនទំនាក់ទំនងរវាង iPhone និង Mac គឺអ្នកនឹងអាច Copy អត្ថបទ ឬរូបភាពនៅក្នុងទូរស័ព្ទហើយអាច Paste នៅលើ Mac ផងដែរ។

ios10-800x585

ព័ត៌មានដ៏ល្អសម្រាប់អ្នកប្រើប្រាស់ iOS មួយទៀតគឺការមកដល់នៃហ្គេម Super Mario Run របស់ Nintendo ដែលត្រូវបានរចនាឡើងសម្រាប់តែប្រព័ន្ធប្រតិបត្តិការ iOS ប៉ុណ្ណោះ។

super-mario-run-1

OS X Sierra

OS X ដែលជាប្រព័ន្ធប្រតិបត្តិការដ៏ល្បីឈ្មោះមួយដែលដំណើរការលើម៉ាសុីន Mac គ្រប់ម៉ូដែលរបស់ Apple នោះ ក៏មានកំណែជំនាន់ថ្មីផងដែរ ដែលត្រូវបានគេឲ្យឈ្មោះថា OS X Sierra ។ ប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីនេះនឹងបង្ហាញខ្លួននៅថ្ងៃទី ២០ ខែកញ្ញា ខាងមុខនេះ ជាមួយនឹងវត្តមានរបស់ Siri នៅលើ Mac ។ សមត្ថភាពពិសេសៗរបស់ Siri មានដូចជាការប្រើប្រាស់សម្លេងបញ្ជាដើម្បីស្វែងរកឯកសារ និងអុីមែលជាដើម។ លើសពីនេះទៅទៀត OS X Sierra នឹងបង្កើនការសហការរវាង iCloud និង Continuity ដែលអនុញ្ញាត្តិឲ្យអ្នកប្រើប្រាស់ចែករំលែកឯកសាររវាង Mac និង iPhone កាន់តែងាយស្រួល និងប្រសើរជាងពេលកន្លងមក។

macos-sierra-screenshot-picture-official