ភាសាកុំព្យូទ័រល្អបំផុតចំនួន១០ ដែលអ្នកគួរសិក្សា
បច្ចុប្បន្នអ្នកសិក្សាភាសាកុំព្យូទ័រមានជម្រើសច្រើនណាស់ក្នុងការជ្រើសរើសភាសាណាមួយដែលត្រូវនឹងតម្រូវការរបស់ខ្លួន ត្បិតភាសានិមួយៗសុទ្ធតែមានលក្ខណៈពិសេស និងឯកទេសរៀងៗខ្លួន។ ដូច្នេះហើយទើបគ្រឹស្ថានអប់រំភាគច្រើនសម្រេចបញ្ចូលកម្មវិធីសិក្សាភាសាកុំព្យូទ័រត្រឹមកម្រិតមូលដ្ឋាន ជាច្រើនភាសា ដើម្បីឲ្យអ្នកសិក្សាអាចស្វែងយល់អត្ថប្រយោជន៍នៃភាសានិមួយៗមុននឹងសម្រេចចិត្តសិក្សាសុីជម្រៅលើភាសាណាមួយ។
ថ្វីត្បិតតែភាសានិមួយៗត្រូវបានបង្កើត និងប្រើប្រាស់ដើម្បីសម្រេចការងារខុសៗគ្នាក៏ដោយ ភាសាទាំងនោះនៅតែមានចំណុចមួយចំនួនដែលអាចឲ្យយើងធ្វើការវាយតម្លៃលើចំណុចខ្លាំង និងខ្សោយ មុននឹងឈានដល់ការឲ្យចំណាត់ថ្នាក់។ អត្ថបទនេះនឹងបង្ហាញអំពីភាសាកុំព្យូទ័រដ៏ល្អបំផុតទាំង10 ដែលអ្នកគួរសិក្សា។
ចំណាត់ថ្នាក់
1. Javascript
Javascript គឺជាភាសាមួយដែលប្រើនៅ Client Side ជាមួយនឹង Html និង CSS ដើម្បីឲ្យគេហទំព័រមានភាពរស់រវើក និងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងស្វែងរកមាតិការនានានៅក្នុងគេហទំព័រនោះ។ អ្វីដែលពិសេសនោះគឺមាន Framework ជាច្រើនដែលបង្កើតដោយប្រើប្រាស់ និងពឹងផ្អែកទៅលើ Javascript ជាមូលដ្ឋាន។ Framework ទាំងនោះបានបន្ថែមសមត្ថភាព Javascript ឲ្យកាន់តែអស្ចារ្យទៅទៀត ដោយគ្រាន់តែចេះភាសាមួយនេះអ្នកអាចបង្កើតកម្មវិធីសម្រាប់ វែប ស្មាតហ្វូន និង Desktop ផងដែរ។
2. Java
Java គឺជាភាសាមួយដែលមានលក្ខណៈ Cross Platform ដែលអាចដំណើរការបាននៅលើប្រព័ន្ធប្រតិបត្តិការជាច្រើនដូចជា Windows, Linux និង OSX ។ Java ត្រូវបានគេស្គាល់ដោយលក្ខណៈ Object-Oriented របស់វា។ Java មិនត្រឹមតែជាភាសាសម្រាប់បង្កើត Deskop Application ប៉ុណ្ណោះទេ វាក៏អាចប្រើដើម្បីបង្កើតកម្មវិធីស្មាតហ្វូន និងត្រូវបានគេប្រើនៅលើ Web Server ផងដែរ។
3. PHP
PHP ជាភាសាមួយដែលពេញនិយមបំផុតសម្រាប់ Server Side ។ ក្នុងចំណោមគេហទំព័រទាំងអស់ដែលបានបញ្ជាក់ពីភាសាដែលគេបានប្រើប្រាស់ មាន 82% ដែលបានសរសេរដោយប្រើភាសា PHP ។ ដោយសារតែភាពល្បីល្បាញ និងការទទួលស្គាល់ច្រើនពីសំណាក់អ្នកប្រើប្រាស់ ភាសាមួយនេះបានផ្តល់ភាពងាយស្រួលទាំងក្នុងការសិក្សា និងក្នុងការប្រើប្រាស់។ អ្នកសិក្សាអាចស្រាវជ្រាវ និងដោះស្រាយបញ្ហាទាក់ទងនឹង PHP បានដោយងាយស្រួលតាមរយៈការពិភាក្សា ផ្តោះប្តូរបទពិសោធន៍នៅលើគេហទំព័រនានាដូចជា Stack Overflow ជាដើម។ មួយវិញទៀត ស្ទើរតែគ្រប់ Web Hosting Service ទាំងអស់អាចគាំទ្រភាសាមួយនេះដោយមិនចាំបាច់ធ្វើការកំណត់បន្ថែមឡើយ។
4. Python
Python គឺជាភាសាកុំព្យូទ័រមួយដែលមានភាពសមញ្ញងាយយល់បំផុត ប៉ុន្តែពោពេញទៅដោយឥទ្ធិពល។ ភាសាមួយនេះមានលក្ខណៈជា Object-oriented ហើយជាប្រភេទភាសាកុំព្យូទ័រជំនាន់ខ្ពស់ដែលកូដរបស់វាងាយស្រួលយល់ដូចជាកំពុងអានភាសាអង់គ្លេស។ ម៉្យាងទៀតវាធ្វើឲ្យអ្នកសិក្សាភាសាកុំព្យូទ័រដំបូងឆាប់ចាប់បាននូវគោលគំនិតដោយសារតែវាអាចគណនាលទ្ធផលកូដមួយជួរៗ ដែលអ្នកប្រើប្រាស់ភាគច្រើនស្គាល់ថា Interpreted programming language ។ ដូច្នេះអ្នកអាចសាកល្បង Run កូដរបស់អ្នកមួយជួរៗដើម្បីដឹងច្បាស់ថាតើកូដមួយជួរនោះសម្រាប់ធ្វើអ្វី។ Python មិនត្រឹមតែអាចប្រើជាភាសាសម្រាប់បង្កើតកម្មវិធី Desktop ប៉ុណ្ណោះទេ វាក៏អាចប្រើជាប្រភេទ Server-side programming language ផងដែរ។
5. C#
C Sharp គឺជាភាសាមួយដែលអភិវឌ្ឈន៍ដោយក្រុមហ៊ុន Microsoft ជាមួយនឹងគម្រោង .Net ។ វាមានលក្ខណៈស្រដៀងនឹងភាសា Java និង C++ ដែរ។ វាត្រូវបានបង្កើតឡើងក្នុងគោលបំណងជាភាសាមួយដែល សាមញ្ញ ទំនើប សម្រាប់ការប្រើប្រាស់ទូទៅ និងជាប្រភេទ Object-oriented។ ម៉្យាងវិញទៀតកម្មវិធីដែលសរសេរដោយប្រើភាសានេះមានល្បឿនលឿន និងមិនធ្វើឲ្យខាតបង់ធនធានរបស់ម៉ាសុីន (memory) ឥតប្រយោជន៍នោះទេ។ វាក៏ជាភាសាលេខរៀងទី៤ ធំបំផុតនៅសហគមន៍ StackOverflow ដូច្នេះមិនចាំបាច់ភ័យក្លាចថាពិបាករកដំណោះស្រាយនៅពេលកូដរបស់អ្នកជួបបញ្ហានោះទេ។
5. C++
C++ ជាភាសាដែលទទួលបានចំណាត់ថ្នាក់ស្ទួននឹង C# ដែរ។ វាជាភាសាដ៏មានឥទ្ធិពលមួយដែលទទួលស្គាល់ដោយអ្នកអភិវឌ្ឈន៍ជុំវិញពិភពលោក។ លក្ខណៈពិសេសនោះគឺ C++ ជាប្រភេទ Cross Platform ដែលអាចដំណើរការលើ Windows Mac OS និងប្រព័ន្ធប្រតិបត្តិប្រភេទ Unix ផ្សេងៗទៀត។ ឈ្មោះ “C++” បានន័យថាជាការកើនឡើងនៃភាសា C ពោលគឺវាជាការវិវឌ្ឈន៍មួយរបស់ C ដែលបានពាំនាំមកនូវលក្ខណៈពិសេសជាច្រើនដែលបំពេញចំនុចខ្វះខាតរបស់ភាសា C ។ សូម្បីតែផ្នែកមួយចំនួននៃ Search Engine របស់ Google ក៏ត្រូវបានបង្កើតឡើងដោយកូដនៃភាសា C++ នេះដែរ។
5. Ruby
Ruby ជាភាសាកុំព្យូទ័រកម្រិតខ្ពស់មួយដែលគោលបំណងនៃការបង្កើតឡើងគឺដើម្បីឲ្យអ្នកប្រើប្រាស់មានចិត្តសប្បាយក្នុងការប្រើវា។ ភាសាមួយនេះអនុញ្ញាត្តិឲ្យអ្នកសិក្សាអាចយល់នូវកូដបានដោយ កូដទាំងមូលមានភាសាស្រដៀងនឹងភាសាអង់គ្លេស។ ការប្រើប្រាស់ភាសា Ruby មានភាពរស់រវើកដោយអាចសរសេរកូដបានច្រើនរបៀប និងអាចបញ្ជៀសកំហុសឆ្គងបានច្រើន។ ម៉្យាងទៀត Ruby ត្រូវបានគេស្គាល់ច្រើនដោយសារ Ruby on rails ដែលជា Web Framework ដ៏មានឥទ្ធិពលមួយ ដែលការប្រើប្រាស់ពឹងផ្អែកទៅលើភាសា Ruby នេះ។
8. CSS
CSS ដែលមកពីពាក្យពេញថា Cascading Style Sheets ជាភាសាមួយដែលផ្តល់ភាពស្រស់បំព្រងដល់គេហទំព័រ។ វាត្រូវបានគេប្រើប្រាស់ដើម្បីរចនាគេហទំព័រនានា។ ការសិក្សា និងការប្រើប្រាស់មានលក្ខណៈងាយស្រួល។ ដូច្នេះប្រសិនបើអ្នកចាប់អារម្មណ៍លើ Web Development អ្នកគួរតែសិក្សាភាសានេះ។
9. C
C ជាភាសាមានវ័យចំណាស់មួយដែលត្រូវបានទទួលស្គាល់ថាជាភាសាដែលមានឥទ្ធិពល។ វាត្រូវបានគេប្រើប្រាស់ដើម្បីនៅក្នុងការបង្កើតប្រព័ន្ធប្រតិបត្តិការនានារួមបញ្ចូលទាំង Unix ។ ភាសាមួយនេះអាចឲ្យអ្នកប្រើប្រាស់គ្រាប់គ្រងផ្នែកនានានៃប្រព័ន្ធកុំព្យូទ័ររបស់គេ រួមទាំង Hardware ផងដែរ។ ចំនុចពិសេសមួយទៀតនោះគឺភាគច្រើននៃ Driver របស់ឧបករណ៌ថ្មី ត្រូវបានសរសេរដោយប្រើភាសានេះ ព្រោះផ្តល់ភាពងាយស្រួលក្នុងការចូលទៅកាន់ Memory នៃ CPU ដោយផ្ទាល់តាមរយៈ Pointer ។
10. Objective-C
Objective-C គឺជាភាសាចម្បងសម្រាប់បង្កើតកម្មវិធីដែលដំណើរការលើ OS X និង iOS ។ បើទោះជា Apple បានបញ្ចេញភាសាថ្មីមួយទៀតដែលមានឈ្មោះថា Swift ក៏ដោយ អ្នកអភិវឌ្ឈតម្រូវឲ្យចេះ Objective-C ដែរ។ ព្រោះភាសាមួយនេះពិតជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតកម្មវិធីធំៗគ្រប់ប្រភេទដែលពេលខ្លះ Swift ពុំអាចទៅរួច។ ម៉្យាងទៀត Objective-C នៅពាសពេញបណ្តាញសហគមន៍នៃអ្នកអភិវឌ្ឈ ដូច្នេះអ្នកអាចទទួលបានជំនួយងាយស្រួលជាង បើប្រៀបធៀបនឹងការប្រើប្រាស់ Swift ។ Objective-C តែងតែត្រូវបានតេស្ត និងមានស្ថេរភាពជានិច្ច។ មួយវិញទៀត ប្រសិិនបើអ្នកចេះ Objective-C អ្នកអាចរៀន Swift តាមក្រោយយ៉ាងងាយស្រួល។