រថយន្ត Audi ស៊េរីថ្មីបំពាក់ដោយ បច្ចេកវិទ្យាតាមដាន ភ្លើងសញ្ញាចរាចរណ៍
V2I (Vehicle to Infrastructure) គឺជាបច្ចេកវិទ្យាព័ត៌មានភ្លើងសញ្ញាចរាចរណ៍មួយដែលនឹងត្រូវបំពាក់លើរថយន្តទំនើប Audi ជំនាន់ឆ្នាំ 2017 ។ បច្ចេកវិទ្យានេះមានសមត្ថភាពភ្ជាប់ទំនាក់ទំនងរវាងរថយន្ត និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីផ្តល់ព័ត៌មានដល់អ្នកបើកបរអំពីរយៈពេលដែលនៅសល់មុននឹងភ្លើងសញ្ញាចរាចរណ៍ប្តូរទៅពណ៌ផ្សេង។
បច្ចេកវិទ្យាព័ត៌មានភ្លើងសញ្ញាចរាចរណ៍ដែលជាផ្នែកមួយនៃគម្រោង Audi connect PRIME នេះ នឹងត្រូវដាក់ឲ្យប្រើប្រាស់ជាលើកដំបូងនៅទីក្រុងឆ្លាតវៃ (Smart City) មួយចំនួននៅក្នុងសហរដ្ឋអាមេរិក នៅឆ្នាំ 2017 ខាងមុខនេះ។ ចំពោះរថយន្តដែលនឹងទទួលបានមុខងារពិសេសនេះមានដូចជា Audi Q7 Audi A4 និង Audi A4 allroad® ដែលត្រូវបានផលិតឡើងក្រោយថ្ងៃ ១ខែមិថុនា ឆ្នាំ2016 ។
V2I ប្រើប្រាស់ប្រព័ន្ធ Wifi ដើម្បីទាញយកទិន្ន័យនៃភ្លើងសញ្ញាចរាចរណ៍ភ្លាមៗ (Real time) ដូច្នេះពេលដែលកំពុងរង់ចាំភ្លើងស្តុប អ្នកបើកបរអាចដឹងពីរយៈពេលនៅសល់មុនពេលភ្លើងសញ្ញាចរាចរណ៍ប្តូរទៅពណ៌បៃតងវិញ ដោយគ្រាន់តែក្រឡេកមើលលើអេក្រង់ក្នុងរថយន្តតែប៉ុណ្ណោះ។
គោលបំណងចម្បងនៃបង្កើតបច្ចេកវិទ្យានេះឡើងគឺដើម្បីចែករំលែកព័ត៌មានដែលអ្នកបើកបរទាំងអស់ត្រូវដឹងជាចាំបាច់ ដើម្បីបញ្ជៀសគ្រោះថ្នាក់នានាដែលអាចកើតឡើងលើដងវិថី។
នៅពេលអនាគតបច្ចេកវិទ្យា V2I នេះអាចនឹងត្រូវបំពាក់លើយានយន្តដែលបើកបរស្វ័យប្រវត្តិដើម្បីឲ្យបង្កើនការគោរពភ្លើងសញ្ញាចរាចរណ៍ ដោយមិនចាំបាច់មានការបញ្ជាពីអ្នកបើកបរ។