ស្វាគមន៌ការមកដល់របស់ Pokemon Go នៅកម្ពុជា
Pokemon Go គឺជាហ្គេមកំសាន្តប្រភេទ Augmented Reality ដ៏ថ្មីស្រឡាងមួយដំណើរការលើទូរស័ព្ទស្មាតហ្វូន Android និង IOS ។ ហ្គេមដ៏ពេញនិយមមួយនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Niantic និងបានដាក់ឲ្យលេងដំបូងបំផុតនៅក្នុងប្រទេសចំនួនបីគឺ អូស្រ្តាលី នូវែលហ្សេឡង់ និងសហរដ្ឋអាមេរិក កាលពីខែមិថុនាកន្លងទៅ។ ពេលនេះ Pokemon Go បានមកដល់ប្រទេសកម្ពុជា ជាផ្លូវការហើយ។
អត្ថបទនេះនឹងបង្ហាញពីព័ត៌មានសំខាន់ៗមួយចំនួនទាក់ទងនឹងហ្គេម Pokemon Go ដែលអ្នកលេងគួរតែដឹង ។
ដើម្បីឆ្លើយតបនឹងការគាំទ្រ និងតម្រូវការខ្ពស់ នៅថ្ងៃទី 6 ខែសីហា Pokemon Go ត្រូវបានដាក់ឲ្យលេងនៅប្រទេសចំនួន 15 ទៀតដែលក្នុងនោះក៏មានប្រទេសនៅអាសុីផងដែរដូចជាៈ កម្ពុជា ព្រុយនេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេសុី ភីលីពីន សឹង្ហបុរី ថៃ និងវៀតណាម។ ចំពោះអ្នកប្រើប្រាស់ស្មាតហ្វូនដំណើរការដោយ IOS ជំនាន់ 8.0 ឡើងទៅអាចទាញយក Pokemon Go មកលេងបានដោយឥតគិតថ្លៃពី App Store ។ រីឯស្មាតហ្វូនប្រភេទ Android ណាដែរដំណើរប្រព័ន្ធប្រតិបត្តិការចាប់ពីជំនាន់ 4.4 ឡើងទៅ ក៏អាចទាញយកហ្គេមនេះបានផងដែរតាមរយៈ Play Store ។
ការលេង
គួរបញ្ជាក់ផងដែរថា Pokemon Go ជាហ្គេមដែលផ្សារភ្ជាប់ពិភពពិត ទៅនឹងពិភពស្រមើស្រមៃ។ វាត្រូវបានបំពាក់ដោយបច្ចេកវិទ្យា Real World Gaming Platform របស់ក្រុមហ៊ុន Niantic ដែលការលេងរបស់វាគឺត្រូវប្រើប្រាស់ទីតាំងពិតប្រាកដជាក់ស្តែង ដើម្បីឲ្យអ្នកលេងស្វែងរក Pokemon គ្រប់ទិសទីក្នុងពិភពពិត។ ជាមួយនឹង Pokemon Go អ្នកអាចចាប់តុក្កតា Pokemon បានរហូតដល់រាប់រយប្រភេទ ដោយគ្រាន់តែស្វែងរកវានៅជុំវិញខ្លួន។
ការលេងគឺមានលក្ខណៈប្លែក និងងាយស្រួល ដោយគ្រាន់តែកាន់ស្មាតហ្វូនរបស់អ្នក ចេញដើរកំសាន្តនៅតំបន់ដែរអ្នករស់នៅ ឬកន្លែងណាមួយដើម្បីចាប់តុក្កតា Pokemon ។ ស្វាតហ្វូនរបស់នឹងបញ្ចញរំញ័រជាសញ្ញាបញ្ជាក់ថាមាន Pokemon នៅជិតអ្នក។ ដើម្បីចាប់ Pokemon អ្នកគ្រាន់តែធ្វើការតម្រង់នៅលើអេក្រង់ស្មាតហ្វូន រួចបោះ Poke Ball ទៅលើវា។ ប៉ុន្តែពេលដែលអ្នកព្យាយាមចាប់វា អាចចាប់រត់រួចបាន។
PokeStops
រឿងសំខាន់មួយទៀតគឺ អ្នកត្រូវស្វែងរក PokeStops ផងដែរ ព្រោះវាជាកន្លែងដែលអ្នកអាចទទួលបានរបស់ផ្សេងៗដូចជា Poke Ball និងរបស់ជាច្រើនទៀត។ PokeStops អាចជាកន្លែងសារធារណៈ កន្លែងប្រវត្តិសាស្រ្ត និងបូជនីយដ្ឋាននានា។ PokeStops ត្រូវបានបង្ហាញនៅលើផែនទីដោយប្រើរូបសញ្ញាពណ៌ខៀវ។ នៅពេលដែលអ្នកទៅដល់កន្លែងនោះ វានឹងផ្លាស់ប្តូររូបសញ្ញា។ ដោយគ្រាន់តែចុចលើវា អ្នកនឹងអាចអូស Photo Disc បន្ទាប់មកវានឹងបង្កើតជាពពុះ។ ចុចលើពពុះទាំងនោះដើម្បីប្រមូលយករបស់របរជាច្រើន។
បន្ទាប់ពីយករបស់រួចហើយ PokeStop នឹងប្រែជាពណ៌ស្វាយ ហើយមិនអាចយករបស់បានទៀតទេរហូតដល់វាប្តូរជាពណ៌ខៀវវិញ ដោយចំណាយពេល 5 នាទី។ ភាគច្រើនអ្នកអាចទទួលបាន 3 ឬ 4 របស់ក្នុងពេលចុច PokeStop ម្តង។ នៅពេលអ្នកដល់កម្រិត 5 អ្នកនឹងទទួលបាន PokeBalls និង Pokemon Eggs ហើយក្នុងការចុច PokeStop ម្តងអាចនឹងទទួលបានរហូតទៅដល់ 6 PokeBalls និងរបស់ផ្សេងៗទៀតដូចជា Revives និង Potions ។ អ្នកក៏អាចចូលទៅកាន់ Gym និង ប្រយុទ្ធជាមួយ Pokemon ដទៃទៀត។
PokeDex
តួអង្គ Pokemon ដែលអ្នកលេងអាចចាប់បាននៅក្នុងហ្គេម Pokemon Go មានខុសៗគ្នា រហូតដល់ 150 ប្រភេទ។ Pokemon ទាំងនោះមានរូបរាង និងកម្រិតមិនដូចគ្នាទេ។ Pokemon កម្រិតខ្ពស់មានភាពលំបាកក្នុងការចាប់ជាង Pokemon កម្រិតស្រាល។
ខាងក្រោមនេះជាតារាងដែលបង្ហាញពីតួអង្គ Pokemon ដែលអ្នកអាចចាប់បាននៅក្នុងហ្គេម។