Firefox ដែលអ្នកប្រើប្រាស់អុីនធឺណិតភាគច្រើនបានស្គាល់ហើយថាជា Browser ដែលមានល្បឿនលឿន និងមានសុវត្ថិភាព បានបញ្ចេញនូវកំណែជំនាន់ថ្មីរបស់ខ្លួនគឺ Firefox 48 ដែលនាំមកជាមួយនូវបច្ចេកវិទ្យាថ្មីៗ និងទំនើបបំផុត។ Electrolysis គឺជាគម្រោងមួយរបស់ Mozilla ដែលផ្តោតទៅលើការអភិវឌ្ឈ Firefox ដោយបំបែកជាច្រើនផ្នែកដូចជាការអភិវឌ្ឈលើ សុវត្ថិភាព ភាពមិនរអាក់រអួល និង Responsiveness។ ដំណាក់កាលដំបូងនៃគម្រោងនេះគឺ បែងចែក Firefox ទៅជាពីរផ្នែកគឺ UI និង Content ។
អត្ថបទនេះនឹងបង្ហាញអ្នកអំពីបច្ចេកវិទ្យាថ្មីដែលមាននៅ Firefox 48 នេះ ព្រមទាំងគម្រោងអភិវឌ្ឈខ្លះៗនៅពេល អនាគត។
បង្ហាញជម្រើសច្រើនជាងមុននៅ Address Bar
នេះគឺជាកែលម្អផ្នែក User Interface មួយដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការស្វែងរកអ្វីមួយ។ នៅពេលដែលអ្នកវាយបញ្ចូលពាក្យគន្លឹះនៅទីនោះ អ្នកនឹងឃើញមានជម្រើសច្រើនជាងមុន និងមានរបៀបរៀបរយនៅលើអេក្រង់កុំព្យូទ័រ។ ចំនុចនេះធ្វើឲ្យអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការអាន និងជ្រើសរើស។ លើសពីនេះទៅទៀត រូបសញ្ញា (icon) ត្រូវបានដាក់បង្ហាញ ដើម្បីបញ្ជាក់ថាអាសយដ្ឋានណាមួយត្រូវបានរក្សាទុកនៅក្នុង Bookmarks ។
កែច្នៃរូបរាងថ្មីទំព័រ Add-ons
Firefox បានរចនាឡើងវិញនូវទំព័រមួយនេះដើម្បីបង្កើនភាពងាយស្រួលក្នុងការទាញយក Add-ons មកប្រើប្រាស់។ ជាមួយកំណែថ្មីនេះ Add-ons ត្រូវបានដាក់បង្ហាញដោយរូបភាព និងអត្ថបទ ដើម្បីផ្តល់ព័ត៌មានកាន់តែច្បាស់ ហើយអ្នកអាចទាញយក Add-ons ទាំងនោះមកប្រើប្រាស់បានដោយគ្រាន់តែ Click ម្តងតែប៉ុណ្ណោះ។
បង្កើនសុវត្ថិភាពពេលទាញយកឯកសារពីអុីនធឺណិត
នៅក្នុងកំណែថ្មីនេះ Firefox បានបញ្ចេញនូវមុខងារសុវត្ថិភាពដូចជាៈ
- Block dangerous and deceptive content: មុខងារនេះនឹងបង្ហាញផ្ទាំងព្រមានពេលដែលអ្នកចូលទៅកាន់គេហទំព័រដែលអាចមានផ្ទុកនូវ malware ឬ deceptive content ។
- Block dangerous downloads: មុខងារនេះនឹងការពារអ្នកពេលដែលអ្នកទាញយកឯកសារពីអុីនធឺណិត វាប្រើ Remote Server ដើម្បីចាប់នូវ Executable file ណាដែលគ្រោះថ្នាក់។
- Warn me about unwanted and uncommon software: មុខងារនេះគឺបន្ថែមទៅលើការការពារពេលអ្នកទាញយកឯកសារពីអុីនធឺណិត ដោយព្រមានអំពីភាពមិនប្រក្រតីនៃឯកសារ ដែលអ្នកចង់ទាញយក។
ខាងក្រោមនេះគឺជាបច្ចេកវិទ្យាថ្មីៗផ្សេងទៀតដែលនឹងបញ្ចេញនៅពេលអនាគត តាមរយៈ Firefox ជំនាន់ក្រោយៗទៀតៈ
Add-ons:
នៅក្នុង Firefox 49 ប្រសិនបើការសាកល្បងមានដំណើរការល្អ គម្រោង Multi-process នឹងត្រូវបានបើកឲ្យដំណើរការ ជាមួយនឹងបណ្តុំ Add-ons ណាដែលបានដឹងថាអាចដំណើរការបានយ៉ាងល្អជាមួយគម្រោងនេះ។
នៅក្នុង Firefox 50 រាល់ Add-ons ទាំងអស់គឺត្រូវតែបង្ហាញថាអាចដំណើរការបានយ៉ាង រលូនជាមួយនឹង Multi-process ឬត្រូវបានបង្កើតឡើងដោយ WebExtentions add-ons API ថ្មីរបស់ Firefox ។ ចំពោះ Add-ons ដែលមិនអាចប្រើជាមួយ Multi-process បាន អាចនឹងមិនអាចប្រើលើ Firefox បាននោះទេ។
Accessibility and touch screens:
Firefox 51 នឹងនាំមកនូវមុខងារ Touchscreen Accessibility និង Right to left browsers ។ មុខងារទាំងនេះនឹងបង្កើននូវ Responsiveness របស់ Firefox UI ទោះបីជាកំពុងបើកគេហទំព័រធំៗក៏ដោយ។
Multiple content processes
មុខងារដែលអាចនឹងដាក់ចេញឲ្យប្រើប្រាស់នៅពាក់កណ្តាលឆ្នាំ2017 មួយនេះគឺផ្តោតទៅលើការបង្កើន ល្បឿននៃការបើកគេហទំព័រធំៗ ដោយធ្វើការបំបែក Content process ។ ជាមួយគ្នានេះ Sandbox កំពុងតែត្រូវបានបង្កើតឡើងដើម្បីបង្កើនសុវត្ថិភាពចំពោះសិទ្ធិចូលទៅកាន់ Browser និង Operating system ។ Sandbox ត្រូវបានគេរំពឹងថានឹងបញ្ចេញនៅក្នុងឆ្នាំនេះ។
Out of process add-ons
Extention នឹងត្រូវបានផ្តាច់ចេញពី Browser ដើម្បីបង្កើនល្បឿន និងបញ្ជៀសពីបញ្ហាសុវត្ថិភាព។